(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងឈានការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២ នៅថ្ងៃទី១០-១១ ចុងសប្ដាហ៍នេះហើយ ដោយមាន ៦ប្រកួតត្រូវជួបតតាំងគ្នាលើទីលានចំនួន ៣ប៉ុណ្ណោះ រួមមានកីឡដ្ឋានវេស្ទើន ១ប្រកួត កីឡដ្ឋានអគ្គិសនីកម្ពុជា ១ប្រកួត និងពហុកីឡដ្ឋានជាតិចំនួន ៤ប្រកួត។

ដោយឡែក ចំពោះលទ្ធផលកាលពីសប្ដាហ៍ទី១ គឺមាន ៥ក្រុម កំពុងកាន់ ៣ពិន្ទុស្មើៗគ្នា ក្រោយយកឈ្នះលើគូប្រជែងរបស់ខ្លួន ដូចជាក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមចំណូលថ្មីវិសាខា, បឹងកេត, ភ្នំពេញក្រោន និងក្រុមក្រសួងការពារជាតិ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើល ទើបរកបាន ១ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើគ្នា ០-០ កាលពីចុងសប្ដាហ៍មុន។

គួរបញ្ជាក់ថា ពានលីគកម្ពុជា រដូវកាលថ្មីនេះ គណៈកម្មការប្រកួបាល់ទាត់ជាតិកម្ពុជា-CNCC និងតំណាងក្រុមចូលរួមទាំង១២ បានសម្រេចជាឯកច្ឆន្ទប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក មានន័យថា ក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ២ជើង នឹងក្លាយជាជើងឯកពានឯក ឆ្នាំ២០១៨ តែម្តងគ្រាដែលក្រុមមានពិន្ទុបន្ដបន្ទាប់ នឹងទទួលបានចំណាត់ថ្នាក់ តាមពិន្ទុ នៃក្រុមនីមួយៗ៕