(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ត្រូវបានគេដឹងថា នាងគឺជាតារាចម្រៀងដែលកំពុងទទួលបានប្រជាប្រិយភាព និង ទទួលបានការស្រឡាញ់គាំទ្រ យ៉ាងច្រើន ពីសំណាក់មហាជន ជាពិសេសរាល់ពេលបទចម្រៀងបញ្ចេញ ដាក់លើទីផ្សារម្ដងៗ តែងតែទទួលបានការគាំទ្រព្រោងព្រាត ពីសំណាក់មិត្តយុវវ័យ។ ជាក់ស្ដែង នៅមុននេះបន្តិច តារាចម្រៀងស្រីសាច់សខ្ចីរូបនេះ បានចេញចម្រៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «អោបអាប៉មទៅរាំ» ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រឲ្យរាំលេង កម្សាន្ត សប្បាយរីករាយ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ជាការកត់សម្គាល់ ចម្រៀង «អោបអាប៉មទៅរាំ» ដែលទើបតែចេញយប់នេះសោះ ប៉ុន្តែមានការចែកចាយ ស៊ែរតៗគ្នា ព្រមទាំងមានអ្នកចូលចិត្ត យ៉ាងច្រើន ដែលធ្វើឲ្យកក្រើមពេញបណ្ដាញហ្វេសប៊ុក តែម្ដង។ ដោយសារបទនេះមានភាពខុសប្លែកពីចម្រៀងដទៃៗទៀត ទាំងសាច់ភ្លេង ទំនុកច្រៀង ជាពិសេសចំណោះចង្វាក់ភ្លេង ដែលបានបញ្ចូលសាច់ភ្លេងបែបកន្រ្ទាក់អារម្មណ៍ ញាប់ញ័រ ធ្វើឲ្យមហាជនបានស្ដាប់ហើយ មិនអាចទប់អារម្មណ៍ជាប់ ពោលគឺចង់រាំ លេងកម្សាន្ត ដើម្បីបន្ធូរអារម្មណ៍ធុញថប់ តែម្ដង។

គួរបញ្ជាក់ថា តារាចម្រៀង សុខ ពិសី បច្ចុប្បន្នកំពុងឡើងកូដ ក្នុងវិស័យសិល្បៈ ទាំងថតស្ពពពាណិជ្ជកម្ម ច្រៀងតាមបណ្ដារខេត្ត និង ច្រៀងនៅតាមទូរទស្សន៍ តាមរយៈការប្រគំតន្រ្ដី ជាដើម៕