(ភ្នំពេញ)៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដែលធ្វើឡើងរវាងក្រុមហ៊ុននាំចេញអង្ករ Amru Rice និងសហគមន៍កសិករចំនួន៤ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនោះ ឯកអគ្គរដ្ឋទូតមកពីប្រទេស ក្នុងសហគមន៍អឺរ៉ុបមួយនេះ បានជំរុញឲ្យប្រជាកសិករខ្មែរ ផលិតស្រូវ ពិសេសស្រូវក្រអូបឲ្យមានគុណភាពល្អ ស្របទៅតាមតម្រូវការទីផ្សារ របស់សហគមន៍អឺរ៉ុប។ នេះបើយោងតាមការបញ្ជាក់ របស់លោក សុង សារ៉ន ប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ។
លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសចូលរួមក្នុងពិធីចុះកិច្ចសន្យានៅព្រឹកមិញនេះ លោកជំទាវឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងអំពីបញ្ហាគុណភាពអង្ករ ដោយលោកជំទាវលើកឡើងថា ទីផ្សារនៅសហគមន៍អឺរ៉ុប គេត្រូវការគុណភាពខ្ពស់ ព្រោះប្រទេសគេ ជាប្រទេសអ្នកមាន អីចឹងជាទូទៅគេគិតពីសុខភាពជាសំខាន់ ដូច្នេះហើយទើបលោកជំទាវ គាំទ្រទៅលើគម្រោងកម្មវិធីកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍កសិករ របស់ Amru Rice នេះ»។
បើតាមលោក សុង សារ៉ន កិច្ចការចុះហត្ថលេខា ជាមួយសហគមន៍កសិករទាំង៤ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នឹងស្រូបយកស្រូវសែនក្រអូបរបស់កសិករចំនួន៨ពាន់តោនក្នុង១ឆ្នាំ។
លោកប្រធានក្រុមហ៊ុនរូបនេះ ក៏បានអំពាវនាវឲ្យប្រជាកសិករ ខិតខំថែរក្សាកេរ្ដិ៍ឈ្មោះ និងប្រើប្រាស់ពូជស្រូវសែនក្រអូបឲ្យល្អប្រសើរ ដើម្បីរក្សារបាននូវគុណភាព នៅលើឆាកអន្តរជាតិ ដែលទទួលស្គាល់រសជាតិរបស់អង្ករកម្ពុជា។ លោកក៏បាន ស្នើឲ្យកសិករចូលរួមវគ្គបណ្ដុះបណ្ដាល បង្កើនទិន្នផលស្រូវឲ្យបានខ្ពស់ និងហាមដាច់ខាត ការប្រើប្រាស់សារជាតិពុល ថ្នាំគីមីផ្សេងៗ ដែលធ្វើឲ្យមានសារធាតុទាំងនោះ ជាប់ក្នុងគ្រាប់អង្ករ ប៉ះពាល់ដល់គុណភាព និងកេរ្ដិ៍ឈ្មោះរបស់អង្ករកម្ពុជា។
លោក សុង សារ៉ន បានបញ្ជាក់ទៀតថា គិតទាំងកិច្ចសន្យាកសិកម្ម ជាមួយកសិករនៅខេត្តបាត់ដំបងនេះ ក្រុមហ៊ុន Amru Rice បានចុះកិច្ចសន្យាជាមួយកសិករ៤ខេត្ត រួចមកហើយរួមមាន៖ ខេត្តព្រះវិហារ, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ហើយនៅពេលខាងមុខ ក្នុងឆ្នាំ២០១៨នេះដែរ ក្រុមហ៊ុននឹងធ្វើជាមួយកសិករ នៅខេត្តកំពង់ធំថែមទៀត ដែលសរុបគ្រោងនឹងស្រូប បានស្រូវពីកសិករចំនួន៦ម៉ឺនតោន ស្មើនឹងផ្ទៃដី២ម៉ឺនហិចតា ត្រូវនឹងកសិករ១ម៉ឺនគ្រួសារ។
កិច្ចសន្យាកសិកម្មនេះ បានជួយយ៉ាងច្រើនដល់ប្រជាកសិករ ដោយពួកគាត់ធ្វើស្រែស្របតាមស្ដង់ដារគុណភាពទីផ្សារតម្រូវ ហើយក្រុមហ៊ុនធានាតម្លៃជូនប្រជាកសិករ ដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ។
សូមជម្រាបថា សហគមន៍អឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់របស់អង្ករកម្ពុជា ពិសេសអង្ករក្រអូប។ នៅឆ្នាំ២០១៧កន្លងទៅកម្ពុជា បាននាំចេញអង្ករចំនួនជាង២៧ម៉ឺនតោន ទៅកាន់សហគមន៍អឺរ៉ុប ក្នុងនោះប្រទេសសហគមន៍អឺរ៉ុប ចំនួន២៦បានទិញអង្ករពីកម្ពុជា៕