(ព្រះសីហនុ)៖ លោក សុខ កល្យាណ អតីតប្រធានសាលាដំបូងខេត្តព្រៃវែង បានចូលកាន់តំណែងជាប្រធានតុលាកាខេត្តព្រះសីហនុ ជាផ្លូវការ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ ខណៈដែល លោក​ ម៉ុង​ មុន្នីចរិយា​ ប្រធានសាលាដំបូងខេត្តព្រះសីហនុ​ចាស់ ត្រូវបានផ្ទៃទៅកាន់តំណែងជាប្រធានតុលាការខេត្តព្រៃវែងវិញ។

ពិធីចូលកាន់តំណែងរបស់ប្រធានសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សមត្ថកិច្ច រួមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ការសម្រេចផ្ទេរភារកិច្ចរបស់ប្រធានសាលាដំបូងខេត្តទាំងពីរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រខ្មែរ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ ក្រៅពីផ្លាស់ប្តូរប្រធានតុលាការទាំងពីររូប ក្នុងកិច្ចប្រជុំនោះ ក៏សម្រេចតែងតាំងអនុប្រធានតុលាការចំនួន៣រូប និងផ្លាស់ប្តូរ និងផ្ទេរភារកិច្ច ព្រះរាជអាជ្ញារងចំនួន៥រូប ផងដែរ៕