(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក​ សុខ ឥសាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានចំអកថា ការដែលសហគមន៍អឺរ៉ុប អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេសប៊ែលហ្សិកនោះ គឺប្រៀបដូចជាសំពងក្បាលរបស់ក្រុមអ្នកប្រឆាំងក្រៅច្បាប់ដូច្នោះដែរ។

លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអញ្ជើញសម្តេចតេជោនេះ គឺជាដំណឹងដ៏ឈឺចាប់របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នកគាំទ្រពួកគេមួយចំនួន ស្ទើរក្អួតឈាម ដោយសារតែជឿលើលោកប្រធានរបស់ពួកគេ នឹកថានឹងបានសម្រេចដូចបំណងរបស់ខ្លួន តែនៅពេលនេះបែរជាឃ្ស៊ុយរលាយដូចផេះ ត្រូវទឹកយ៉ាងនេះទៅវិញ។ នេះហើយបានហៅថា ក្តីសង្ឃឹមប្រែក្លាយទៅជាអស់សង្ឃឹម ដោយសារតែទណ្ឌិត សម រង្សី ពូកែភូតភរ កុហករកមនុស្សប្រៀបមិនបាន។ ម៉្យាងទៀត រឿងនេះប្រៀបបាននឹងសហគមន៍អ៉ឺរ៉ុប សំពងក្បាលមួយ ញញួរយ៉ាងដំណំដូច្នោះដែរ។ តែប៉ុណ្ណេះល្មមរាងចាលហើយឬនៅអាគំនិតពឹងដង្ហើមបរទេសនោះ?»

សម្តេចតេជោ ហ៊ុន សែន ត្រូវបានសហគមន៍អញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិក នៅអំឡុងខែតុលា ខាងមុខនេះ។ ការអញ្ជើញនេះបានធ្វើឡើងចំពេលដែល ក្រុមអ្នកប្រឆាំងក្រៅច្បាប់ «ចលនាសង្រ្គោះជាតិ» ដែលដឹកនាំដោយ លោក សម រង្ស៊ី កំពុងឃោសនាថា សហគមន៍អឺរ៉ុប កំពុងរៀបចំដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា។

កាលពីម្សិលមិញនេះ ក្រុមអ្នកប្រឆាំងក្រៅច្បាប់ បានបង្ហាញការមួម៉ៅក្តៅក្រហាយហួសចិត្ត ចំពោះសហគមអឺរុបដែលជាទីពឹងរបស់ពួកគេ ក្រោយទទួលដំណឹងថា អឺរ៉ុបអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដោយមិនខ្វល់ពីការទាមទាររបស់បក្សប្រឆាំង។

អាណិកជនខ្មែរ នៅប្រទេសបារាំងនិងជាសមាជិកក្រុមអ្នកប្រឆាំង ឈ្មោះ ដួង ចំរើន (Chamroeun Duong) ដែលតែងរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើបណ្តាញសង្គម ​​Facebook ដោយ សម្តែងអារម្មណ៍ថា «សហគមន៍អឺរ៉ុប ងាក ចេញពីយើងហើយ និងថែមទាំងអញ្ជើញលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ធមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅខែតុលា២០១៨ ទៀតផង!»

លោកចំរើន បានរៀបរាប់ថា «ជាដំណឹងដែលខ្ញុំភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង។ ខ្ញុំពិតជាគិតស្មានមិនដល់មែន ថាសភាពការណ៍នយោបាយនៅកម្ពុជាប្រែប្រួលលឿន និងមិនដូចអ្វីដែល ជាការអះអាងរបស់ លោក ប្រធាន សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំក្រុមយើង នៅប្រទេសបារាំង ដែលតែងតែជឿជាក់ថា សហគមន៍អឺរ៉ុប ដាក់គំនាប ឬកាត់ជំនួយទៅលើរដ្ឋាភិបាល ហ៊ុន សែន។ នេះបានពិតជា “មនុស្សផ្សេង រីឯស្រមោលផ្សឹងមែន”។ តែឥឡូវនេះ ការងារ យើងពិតជាបរាជ័យ១០០% ទៀតហើយ»