(កណ្ដាល)៖ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានដឹកនាំសកម្មភាពដាំដើមឈើ នៅក្នុងសួនអាពាហ៍ពិពាហ៍ តាមមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីបំផុសស្មារតីស្រឡាញ់ដើមឈើ និងក្រើនរំឭកឱ្យចូលរួមដាំដើមឈើ សំដៅបង្កើនសោភ័ណភាព ដ៏ស្រស់បំព្រងក្នុងទីក្រុង និងភូមិដ្ឋានប្រជាពលរដ្ឋ។
សកម្មភាពខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ពោលស្របនឹងការចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៤ ដែលមានការចូលរួមពីមន្រ្តីរាជការពាក់ព័ន្ធ ប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ។
លោក ម៉ៅ ភិរុណ បានថ្លែងថា ការដាំដើមឈើនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញការអភិវឌ្ឍតំបន់បៃតង នៅតាមបណ្តាក្រុងនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើឡើងគ្រប់ទីកន្លែង ក្រោមពាក្សស្លោក «ដាំដើមឈើផ្តើមចេញពីអ្នក» ឬ «ទេសចរម្នាក់ ដើមឈើមួយដើម និងគូស្រករថ្មីចូលរួមដាំដើមឈើ២ដើមទុកជាអនុស្សាវរីយ៍»។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់យ៉ាងថា យុទ្ធនាការខាងលើនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់ទទួលបានបទពិសោធន៍ថ្មីៗ ព្រមទាំងជំរុញចលនាក្នុងស្រុក ជាពិសេសការធ្វើដំណើរកម្សាន្តរបស់យុវជន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ។
លោករដ្ឋមន្ត្រីបានបន្តថា ការដាក់ចេញនូវយុទ្ធនាការនេះ ក៏នឹងរួមចំណែកបង្កើនឧត្តមភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ជាក់ស្តែង នៅឆ្នាំ២០១៧ កន្លងទៅ ចំនួនទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួនជាង ៥.៦លាននាក់ កើនឡើង ១១.៦% ធៀបនឹងឆ្នាំ២០១៦។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់។
លោកបញ្ជាក់ទៀតថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសចូលរួមដល់ការសម្រេច នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បីកំណើនការងារ ប្រសិទ្ធភាព និងសមធម៌៕