(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានជួបជាមួយពិភាក្សាការងារជាមួយ លោកស្រី Laura Laera អនុប្រធានអាជ្ញាធរកណ្តាលនៃប្រទេសអ៊ីតាលី នាទីស្តីការក្រសួងសង្គមកិច្ច។
ការជួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច និងជាមួយភាគីអាជ្ញាធរកណ្តាលនៃប្រទេសអ៊ីតាលី នាពេលនេះ ធ្វើឡើងក្នុង គោលបំណង ដើម្បីចែករំលែកបទពិសោធន៍ការងារល្អៗជាមួយគ្នា និងដើម្បីជាការចាប់ផ្តើមការងារជាថ្មី ក្រោយមានការផ្អាក ក្នុងការរៀបចំច្បាប់ស្មុំកូនអន្តរប្រទេសផងដែរ។
នៅក្នុងជំនួបនោះ លោក សួង ម៉េងឡុង តំណាងរដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ និងថ្លែងអំណរគុណ ដល់អាជ្ញាធរកណ្តាល នៃប្រទេសអ៊ីតាលី ដែលបានចូលរួមចំណែក និងសហការការងារដ៏ល្អ ជាមួយក្រសួងនាពេលកន្លងមក ទាក់ទងនឹងការងារស្មុំកូន យកទៅចិញ្ចឹម នៅប្រទេសអ៊ីតាលី។
ជារួមលោក សួង ម៉េងឡុង អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច ក៏មានស្នើសុំ ទៅដល់ភាគី អ៊ីតាលី ឲ្យជួយដល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីរបស់ក្រសួងសង្គមកិច្ច ទាក់ទងនឹងការងារស្មុំកូនអន្តរប្រទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ីតាលី ដើម្បីចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
តំណាងរដ្ឋមន្រ្តី លោក សួង ម៉េងឡុង បានសន្យាថា ទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងសង្គមកិច្ច នឹងចូលរួមបំពេញការងារជាមួយភាគីអ៊ីតាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើការងារស្មុំកូនអន្តរប្រទេស និងការងារសង្គមកិច្ចជាបន្តបន្ទាប់ទៀត។ លោក សួង ម៉េងឡុង បានបន្ថែមថា កន្លងមក ភាគីកម្ពុជា និងអ៊ីតាលី បានបំពេញការងារល្អជាមួយគ្នា ដោយគោរពទៅតាមច្បាប់ និងគោលការណ៍រៀងៗខ្លួន។
ជាមួយគ្នានោះ លោកស្រី Laura Laera អនុប្រធានអាជ្ញាធរកណ្តាលនៃប្រទេសអ៊ីតាលី ក៏បានអរគុណ ដល់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ដែលបានអនុញ្ញាតឲ្យក្រុមការងាររបស់លោកស្រី ចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកស្រី បានបញ្ជាក់ថា ចំពោះ ការស្នើសុំរបស់លោក សួង ម៉េងឡុង និងមន្រ្តីក្រសួងនាពេលនេះ ក្រុមការងារលោកស្រីស្វាគមន៍ ចំពោះភាគីកម្ពុជា ហើយក៏បានទទួលយកការស្នើសុំរបស់ក្រសួងសង្គមកិច្ច យកទៅពិចារណា និងជួយតាមលទ្ធភាពជាក់ស្តែង នៅពេលក្រោយ។
លោកស្រី Laura Laera បានបន្ថែមថា ចំពោះការងារស្មុំកូនអន្តរប្រទេសនេះ គឺប្រទេសអ៊ីតាលី បានធ្វើរួចហើយ រាល់ការទំនាក់ទំនងលើការងារនេះ ជាទូទៅគឺទទួលបានលទ្ធផលល្អ ដោយកុមារដែលទទួលយកមកចិញ្ចឹម គឺគ្មានការរងគ្រោះ ដោយការជួញដូរកុមារ តាមរយៈការស្មុំកូនយកទៅចិញ្ចឹម នៅក្រៅប្រទេស ជាពិសេសគឺថា កុមារកម្ពុជា ជាទូទៅគឺមាន ឱពុកម្តាយធម៌ និងចិញ្ចឹម របស់កុមារពិតប្រាកដ ទៅតាមច្បាប់ និងគោលការណ៍ដែលបានកំណត់ គឺគ្មានការរំលោភបំពាននោះឡើយ។
គួរបញ្ជាក់ថា គិតពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០១១ កម្ពុជា បានផ្តល់កុមារកម្ពុជា តាមការស្នើសុំរបស់អ៊ីតាលី បានចំនួន៧៩៥នាក់៕