(សៀមរាប)៖ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំខេត្តសៀមរាប បាននាំយកអំណោយចុះចែកជូនដល់កុមារគថ្លង់ និងកុមារពិការភ្នែកដែលកំពុងសិក្សា និងស្នាក់នៅក្នុងសាលាអង្គការគ្រួសារថ្មី ចំនួន១៤១នាក់ នាឱកាសទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា។
អំណោយទាំងនោះត្រូវបាន ចុះចែកជូនដោយលោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងលោកស្រី រួមទាំងលោក ប្រាក់ សោភ័ណ្ណ ប្រធានស្ដីទី ស.ស.យ.ក ប្រចាំខេត្តសៀមរាប សមាជិក សមាជិក លោកគ្រូ អ្នកគ្រូជាច្រើនទៀតផងដែរ។
អគ្គនាយិកា នៃអង្គការគ្រួសារថ្មី ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ឆ្នាំនេះមានសិស្សសរុបចំនួន១៤១នាក់ (ស្រី ៥៧នាក់) ក្នុងនោះមានកុមារពិការភ្នែកចំនួន២៥នាក់ (ស្រី ៩នាក់) និងមានកុមារស្នាក់នៅក្នុងសាលាមានចំនួន៩០នាក់ (ស្រី ២៣នាក់)។ សិស្សទាំងនេះ មកពីបណ្ដាខេត្តផ្សេងៗគ្នាដូចជា ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្ទឹងត្រែង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមមានជ័យ។
នាយិកាបន្ថែមទៀតថា សាលាមានសិស្សចូលរៀនពីថ្នាក់មត្តេយ្យ រហូលដល់ថ្នាក់ទី១២ និងបន្តទៅសិក្សាក្នុងសាកលវិទ្យាល័យថែមទៀត បច្ចុប្បន្នសាលាមានបុគ្គលិកចំនួន៤០នាក់ (ស្រី១៨នាក់) ជាបុគ្គលិកជ្រើសរើសចេញពីក្រសួងអបរំ យុវជន និងកីឡា ដែលមានការបំប៉នបន្ថែមជំនាញពិសេស សម្រាប់បង្រៀនសិស្សគថ្លង់ និងសិស្សពិការភ្នែក។
នាយិកាបានឲ្យដឹងថា ដោយមានការសហការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំ សាលាគថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប បានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៩៩៩ និងដំណើរការនៅឆ្នាំ២០០០ ដែលបានទទួលបង្រៀន និងអប់រំតែកុមារពិការ២ប្រភេទតែប៉ុណ្ណោះឲ្យចូលរៀន គឺកុមារគថ្លង់ និងកុមារពិការភ្នែក ហើយរហូតដល់ឆ្នាំ២០១៧-២០១៨នេះ សាលាអង្គការគ្រួសារថ្មី មានអគារសរុបចំនួន ១៣ខ្នង ដែល៤ខ្នងជាអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី តៅ តឿន។
នាយិកាបញ្ជាក់ទៀតថា ក្នុងនោះមានអគារសិក្សាចំនួន៤ខ្នង ស្មើនឹង១៥បន្ទប់ សាលពិព័ណ៌ចំនួន១ខ្នង ផ្ទះសម្រាប់សិស្សស្នាក់នៅចំនួន៦ខ្នង បណ្ណាល័យចំនួន១ខ្នង និងម៉ាស្សាចំនួន១ខ្នង។
ជាមួយគ្នានោះអ្នកគ្រប់គ្រងសាលា ក៏បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល ៥-៦ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំ ក្រុមគ្រួសារ ស.ស.យ.ក តែងតែយកថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា អញ្ជើញមកជួបសំណេះសំណាល់ សួរសុខទុក្ខ រៀបចំអាហារ ចែកអំណោយដល់កុមារគថ្លង់ កុមារពិការភ្នែក លោកគ្រូ, អ្នកគ្រូ និងបុគ្គល រួមនិងការកសាងនូវសមិទ្ធិផលជាច្រើនទៀតផងដែរ។
នាឱកាសសំណេះសំណាល់នេះ លោក ទៀ សីហា និងលោកស្រី ព្រមទាំងគ្រួសារ ស.ស.យ.ក បានចែកជូននូវអំណោយរួមមាន៖ សារ៉ុង, សម្ភារៈសិក្សា, ថវិកា រួមនិងការរៀបចំម្ហូបអាហារ ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងកុមារគថ្លង់ និងកុមារពិការភ្នែកថែមទៀតផង។ ក្រៅពីនោះក៏មានប្រគុំដន្ត្រី សិល្បៈច្រៀងរាំ និងលេងល្បែងកំសាន្ដនានាថែមទៀត៕