(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើ តាមបណ្តោយផ្លូវលូទឹកស្អុយ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន៧នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។
បើតាមលោកប្រធាននាយកដ្ឋាន ដែលជាអ្នកដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៧នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕