(ភ្នំពេញ)៖ ព្រះចៅអធិការស្តីទីវត្តទួលអស់លោក ព្រះនាម កុសលរក្ខិតោ ខេន សុខនៅ បានរងនូវការចោទប្រកាន់ពីព្រះសង្ឃ និងពុទ្ធបរិស័ទផ្សេងទៀតថា បានបណ្តេញព្រះតេជគណមួយអង្គព្រះនាម សុវណ្ណធម្មថេរោ ចន្ទ សុភាព ព្រះប្រធានមូលនីធិរស្មីសប្បុរសធម៌ ចេញពីក្នុងវត្តមិនឲ្យគង់នៅ រហូតចង់ផ្ទុះហិង្សាទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ចំពោះករណីនេះ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានបញ្ជាទៅមន្រ្តីជំនាញរួមមាន មន្រ្តីធម្មការ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដោះស្រាយ ដោយកំណត់យកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ខាងមុខ ដើម្បីសម្របសម្រួល។ ពុទ្ធបរិស័ទចំណុះជើងវត្តបានចោទប្រកាន់ព្រះតេជគណចៅអធិការវត្តស្តីទីថា មូលហេតុដែលនាំឲ្យមានការបណ្តេញ ព្រះនាម ចន្ទ សុភាព នោះក៏ព្រោះតែព្រះអង្គមានការប្រជាប្រីយ ភាពជាង និងមានការគំាទ្រពីពុទ្ធបរិស័ទផងដែរ ជាពិសេសព្រះតេជគណ ចន្ទ សុភាព តែងតែជួយបរិច្ចាគនូវវប្បធម៌ចែករំលែកឧបត្ថម្ភនូវថវិកា ក៏ដូចជា ទេយ្យទានជាបន្តបន្ទាប់រៀងរាល់ខែ មកកាន់អនុសាខាកាកបាទក្រហមកម្ពុជា ដើម្បីបន្តជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងបំណងលើកតម្កើងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ។
យ៉ាងណាក៏ដោយ ព្រះចៅអធិការវត្តស្តីទី ព្រះអង្គមិនបានធ្វើការបកស្រាយនោះឡើយ ដោយសារតែមានរឿងវែងឆ្ងាយ តែក៏សូមទទូចដល់សារព័ត៌មានចុះផ្សាយឲ្យមានវិជ្ជាជីវៈផងដែរ។
នៅក្នុងវីដេអូមួយដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញថា ករណីផ្ទុះអធិករណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមីនា កន្លងទៅ ស្ថិតនៅក្នុងបរិវេណវត្ត ក្នុងក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ពុទ្ធបរិស័ទថា អធិករណ៍នេះ បានកើតឡើងបន្ទាប់ពីប្អូនប្រុសជាសាច់ញ្ញាតិ នៃក្រុមគ្រួសារ ចំនួន៤នាក់របស់ព្រះតេជព្រះគណ កុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការស្តីទី ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចាប់ឃាត់ខ្លួននៅក្នុងកុដ្ឋលេខ២ បន្ទប់លេខ២ ក្នុងវត្ត «ទួលសន្តិវ័ន» (ហៅវត្តទួលអស់លោក) ដោយរកឃើញគ្រឿងញៀនចំនួន៩កញ្ចប់ផងដែរ។
ជនសង្ស័យទាំង៤នាក់នោះរួមមាន៖ ទី១-ឈ្មោះ ប៊ុន រតន: អាយុ២៨ឆ្នាំ មុខរបរជាសិស្សរៀនកូរ៉េ, ទី២-ឈ្មោះ ប៊ុន ចាន់រស្មី អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី, ទី៣-ឈ្មោះ ប៊ុន ចាន់ណារិទ្ធ អាយុ២០ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ ប៊ុន ចាន់ណារ៉ាន អាយុ១៦ឆ្នាំ មុខរបរសិស្ស ដោយចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
បើតាមលោកអាចារ្យនៅក្នុងវត្តម្នាក់ ដោយសុំមិនបញ្ជេញឈ្មោះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា ព្រះតេជព្រះគណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព មានគោលការណ៍៤ចំណុចរួមមាន៖
* ទី១៖ ជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា
* ទី២៖ ជួយកុមារកំព្រា
* ទី៣៖ ជួយជនចាស់ជរាគ្មានទីពឹង
* ទី៤៖ ជួយផ្នែកបុណ្យសព្វ ដែលមិនអាចចោលបាន ទើបទទួលបានការអាណិតស្រឡាញ់គាំទ្រខ្លាំង ដោយផ្ដើមចេញពីការចេះស្រោចទឹក ប្រើអាគមផ្សំអាយុទស្សទាយឈុតតាមតម្រា ទាំងរៀងរាល់ថ្ងៃធម្មតា និងថ្ងៃសីល៍ តែងតែមានប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើន មកវត្តជាហូរហែរាប់ឆ្នាំមកហើយ រហូតព្រះអង្គ ចន្ទ សុភាព មានលទ្ធភាពជាបច្ច័យធ្វើលិខិតស្នើរសុំទៅតាមរយៈភូមិ-សង្កាត់-ខណ្ឌ រហូតដល់មេគណ រាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឯកភាពអស់ហើយ ដើម្បីឲ្យធ្វើកុដ្ឋថ្មីក្នុងវត្ត «កុដ្ឋចាស់តូចបាក់បែកទ្រុឌទ្រោម» ក្នុងការបម្រើឲ្យផលប្រយោជន៍រួម នៃផ្នែកព្រះពុទ្ធសាសនា និងជាសម្បត្តិរួមរបស់វត្តផង។
បើតាមលោកតាអាចារ្យ ពេលធ្វើកុដិនោះ ព្រះតេជគណ កុសលរក្ខិតោ ខេន សុខនៅ បានបដិសេធដោយមិនព្រមចុះហត្ថលេខា ឲ្យសាងសង់កុដ្ឋថ្មីនោះទេ និងព្យាយាមបណ្ដេញព្រះតេជគណ ចន្ទ សុភាព ចេញពីក្នុងវត្តជាបន្តបន្ទាប់ថែមទៀត។
លើសពីនេះ លោកអាចារ្យដដែល បានលួចបង្ហើបប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការលបឆ្មក់ឡោមព័ទ្ធកុដ្ឋលេខ២ បន្ទប់លេខ២ ក្នុងវត្ត ចាប់ឃាត់ខ្លួនប្អូនប្រុសជាសាច់ញ្ញាតិ នៃក្រុមគ្រួសារចំនួន៤នាក់ របស់ព្រះតេជព្រះគណ កុសលរក្ខិតោ ខេន សុខនៅ រកឃើញគ្រឿងញៀន ចំនួន៩កញ្ចប់ ស្រាប់តែព្រះតេជព្រះគណ កុសលរក្ខិតោ ខេន សុខនៅ បានចោទថា ព្រះតេជគណ ចន្ទ សុភាព ជាអ្នកយកគ្រឿងញៀនទៅដាក់ក្នុងកុដ្ឋ ដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនប្អូនប្រុសរបស់លោកទៅវិញ ព្រោះតែកុដ្ឋនៅក្បែរគ្នា។
ចំពោះការចោទប្រកាន់ខាងលើនេះ ព្រះតេជព្រះគណ កុសលរក្ខិតោ ខេន សុខនៅ បានមានសង្ឃដីកាដល់ភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨នេះថា ព្រះអង្គមិនអាចបកស្រាយបានទេ ដោយសារតែរឿងវែងឆ្ងាយណាស់ តែសូមកុំចុះផ្សាយផ្ដេសផ្ដាសបំភ្លើសការពិត ដូចសារព័ត៌មានដ៏ទៃទៀត។
ជាមួយគ្នានេះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនា ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រោយពីកើតមានរឿងអាស្រូវផ្ទុះអំពើរហិង្សា ជេរប្រមាថ នៅក្នុងវត្ត «ទួលសន្តិវ័ន» (ហៅវត្តទួលអស់លោក) រវាងព្រះតេជគណ ខេន សុខនៅ និងព្រះតេជគណ ចន្ទ សុភាព ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចាត់ឲ្យលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ចុះអន្តរាគមន៍ធ្វើការសម្របសម្រួល ដោយកំណត់យកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ដើម្បីឲ្យព្រះអង្គទាំង២ និងអ្នកពាក់ព័ន្ធ ចូលខ្លួនមកដោះស្រាយគ្នា ក្នុងន័យបញ្ចប់រឿង នៅសាលាមេគណ រាជធានីភ្នំពេញ៕