(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨នេះ ចោរប្លន់ម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ចូលប្លន់ដល់ក្នុងផ្ទះ Wring Coffee ត្រូវបានកម្លាំងអាវុធហត្ថចាប់បានហើយ ក្នុងនោះមានអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌជ្រោយចង្វា និងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា កាលពីនៅម៉ោងជិត៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុរសម្នាក់ប្រដាប់ដោយ កាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ។
ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំនើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
មុនកើតហេតុគឺជនប្លន់ប្រដាប់អាវុធខាងលើបានដើរចូលមកផឹកកាហ្វេ លុះមិនទានផឹកអស់ផង ក៏ដើរសំដៅទៅអ្នកលក់ ហើយបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ចង់ ប្លន់តែម្តង។ សម្ភារដែលបាត់បង់រួមមាន ម៉ូតូធំមួយគ្រឿង ទូរសព្ទ័ដៃ១ដើម និងប្រាក់មួយចំនួនផងដែរ។ ក្រោយកើតហេតុជនប្លន់ប្រដាប់អាវុធខាងលើបានជិះម៉ូតូដែលប្លន់បាន រួមជាមួយ សម្ភារៈគេចខ្លួនបាត់ដោយសុវត្ថិភាព៕