(ភ្នំពេញ)៖ លោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក មិនមានរបាយការណ៍ច្បាស់លាស់ណាមួយអំពីករណីអ្នកស្លាប់ និងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ កាលពីម្សិលមិញឡើយ។
អ្នកនាំពាក្យអង្គការអាដហុកអះអាងថា សមាគមអាដហុក នឹងមិនទទួលខុសត្រូវទេ ចំពោះការអះអាងថាមានអ្នកស្លាប់ នៅក្នុងហេតុការណ៍ខាងលើ ដោយសារតែអ្វីដែលខ្លួនបាន រាយការណ៍ព័ត៌មានបឋមទៅកាន់សារព័ត៌មាននោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា «ព័ត៌មាននោះគឺទទួលបានពីពលរដ្ឋ»។ ជាមួយគ្នានេះសមាគមអាដហុក កំពុងតែពិចារណា ដើម្បីចុះទៅប្រមូលព័ត៌មាន នៅកន្លែងកើតហេតុដោយផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង។ ករណីនេះអាជ្ញាធរបានអះអាងថា មិនមានអ្នកស្លាប់នោះទេ ប៉ុន្តែមានមនុស្ស២នាក់ បានរងរបួសដោយម្នាក់រងរបួសផ្លូវ និងគូថ។
នៅក្នុងព័ត៌មានបឋម លោក ប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក ប្រចាំនៅខេត្តក្រចេះ បានរាយការណ៍ទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកទទួលបានព័ត៌មានពី ប្រជាពលរដ្ឋថា មានអ្នកស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាខាងលើ ប៉ុន្តែក្រោយមកលោកបានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការរាយការណ៍នេះ មិនច្បាស់លាស់ទេ ហើយអាដហុកមិនទាន់មានរបាយការណ៍ច្បាស់ទេ ដោយគ្រោងស្រាវជ្រាវថែមទៀត។ លោកសុំឱ្យកាសែតភ្នំពេញប៉ុស្តិ៍ កែតម្រូវអំពីព័ត៌មាននេះឡើងវិញ។
លោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុក បានអះអាងថា ករណីនេះ អាជ្ញាធរក៏បានស្នើឱ្យអាដហុកកែតម្រូវឡើងវិញ ប៉ុន្តែលោកថា អាដហុកមិនមានការ កែតម្រូវអ្វីនោះទេ គឺដោយសារតែមានការស្រង់សម្តីមិនច្បាស់លាស់ ហើយអាដហុកគ្រាន់តែទទួលព័ត៌មានបឋមពីពលរដ្ឋប៉ុណ្ណោះ៕