(ភ្នំពេញ)៖ មិនមែនជាលើកទី១ឡើយដែលកាសែតនិងវិទ្យុ ដែលមាននិន្នាការប្រឆាំងដែលអួតខ្លួនថាឯករាជ្យ និងវិជ្ជាជីវៈ ប៉ុន្តែត្រូវលង់ខ្លួននឹងក្រុមជនបរទេសមួយចំនួន ដែលបន្លំខ្លួនពាក់អាវជាអ្នកកាសែត បម្រើឱ្យបណ្តាញក្រុមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្សព្វផ្សាយព័ត៌មានខុសពីការពិត បំផ្លៃ បំផ្លើស និងបំប៉ោងស្ថានការណ៍ពិត ដើម្បីបម្រើឱ្យនិន្នាការនយោបាយរបស់ពួកគេ ហើយនៅល្ងាចនេះតាមរយៈព័ត៌មានក្លែងក្លាយរបស់ខ្លួនដែលផ្សាយថា មានមនុស្ស៦នាក់បានស្លាប់ និង៤០នាក់ទៀតបានរងរបួស ដោយការ អនុវត្តច្បាប់របស់កម្លាំងមានសមត្ថកិច្ចចំពោះការដណ្តើមកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងស្រុកស្នួល ខេត្តក្រចេះ។
វិទ្យុអាស៊ីសេរី ដែលជាវិទ្យុឯករាជ្យផ្កាប់មុខទៅរកក្រុមអ្នកនយោបាយប្រឆាំងក៏បានចូលរួមបន្ទរព័ត៌មានមិនពិតនេះដែរ ព្រោះការរបួស ឬស្លាប់របស់ប្រជាពលរដ្ឋគឺជាការផ្តល់ឱកាស ដល់ពួកគេក្នុងការធ្វើសោកនាដកម្មនៃបញ្ហា និងចុងក្រោយទាញសេចក្តីសន្និដ្ឋានដោយខ្លួនឯងភ្ជាប់នឹងរឿងនយោបាយ និងរិះគន់ដើម្បីបំផ្លាញរដ្ឋាភិបាលប្រឆាំង នឹងបក្សកាន់អំណាច។
ប៉ុន្តែភ្លាមៗមន្ត្រីអង្គការអាដហុក ដែលកាសែតភ្នំពេញប៉ុស្តិ៍ អះអាងថា ជាប្រភពព័ត៌មាននេះបានចេញមុខមកបដិសេធចោលនូវព័ត៌មាននេះថា កាសែតនេះបានដកស្រង់សម្តីខុស និងគ្មានការស្លាប់នោះទេ។ ការបដិសេធព័ត៌មានមិនពិតនេះក៏ត្រូវបានធ្វើឡើងភ្លាមៗពីសំណាក់អភិបាលស្រុកស្នួល អភិបាលខេត្តក្រចេះ និងកងកម្លាំងមានសមត្ថកិច្ច រួមនឹងមន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិផងដែរ និងបានលើកឡើងថា អ្វីដែលកាសែតភ្នំពេញប៉ុស្តិ៍ និងវិទ្យុអាស៊ីសេរីបានផ្សាយពីអ្នកស្លាប់ និងរបួសនេះ គឺជាការប្រឌិតឡើងបង្កើតព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។
តើកាសែតនិងវិទ្យុ មាននិន្នាការប្រឆាំងបង្កើតព័ត៌មានក្លែងក្លាយជុំវិញការអនុវត្តច្បាប់ប្រឆាំង នឹងការដណ្តើមកាន់កាប់ដីដោយខុសច្បាប់ដើម្បីបម្រើគោលបំណងអ្វី?
ទី១៖ តាមពិតព័ត៌មានដែលបានផ្សព្វផ្សាយពីមួយទៅមួយគឺ គ្រាន់តែជាពាក្យថា បានឮ និងទទួលរបាយការណ៍ពីគេតែប៉ុណ្ណោះ ចំណែកឯប្រជាពលរដ្ឋដែលបានរាយការណ៍ គឺគ្រាន់តែថា បានឃើញតែប៉ុណ្ណោះ។ យោងតាមទឡ្ហីករណ៍ ទាំងនេះប្រភពព័ត៌មានដែលអ្នកកាសែតភ្នំពេញប៉ុស្តិ៍ និងវិទ្យុអាស៊ីសេរី ដែលសរសេរអត្ថបទនេះឡើង គឺមិនមែនជាព័ត៌មានដែលពិត និងជឿទុកចិត្តឡើយព្រោះ៖
ក-អ្នកកាសែតមិនមានវត្ត មានផ្ទាល់នៅលើទីតាំងកើតហេតុ និងធ្វើសម្ភាសប្រភពព័ត៌មានតាមទូរស័ព្ទ។
ខ-ប្រភពព័ត៌មានដែលអ្នកកាសែត បានធ្វើបទសម្ភាសគឺជាភាគីប្រជាពលរដ្ឋ ដែលស្ថិតក្នុងការប្រឈមមុខគ្នាព័ត៌មានដែលផ្តល់ឱ្យគឺពិតជាមិនមែនព័ត៌មានពិតតែអាចជាព័ត៌មាន បំភ្លៃបំផ្លើសដើម្បីផលប្រយោជន៍ មើលពួកខ្លួនថា ជាជនរងគ្រោះនៃការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។
គ-មន្ត្រីអង្គការអាដហុកដែលមិនទាន់បានចុះដល់កន្លែងកើតហេតុ និងទទួលព័ត៌មានតែពីភាគីម្ខាងក៏បាននិយាយប្រាប់អ្នកកាសែត ដូចជាការពិតដោយ គ្មានបានវាយតម្លៃលើព័ត៌មាន ដែលទទួលបាន និងធ្វើតុល្យភាពនៃព័ត៌មានដែលខ្លួនមាន។ ប៉ុន្តែនេះគឺជាទម្លាប់អាជីពរបស់ ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សទៅហើយ ដែលតែងតែរាយការណ៍លម្អៀងអំពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជាដើម្បីបម្រើដល់បុព្វហេតុនៃម្ចាស់ ជំនួយរបស់ខ្លួន។
ចំណុចនេះកាសែត និងវិទ្យុ មាននិន្នាការប្រឆាំងពិតជាមានចេតនាប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបង្ហាញថា កម្លាំងសមត្ថកិច្ចដែលអនុវត្តច្បាប់ បានបំពានប្រជាជន ហើយពួកគេមានបុរេវិនិច្ឆ័យក្នុងចិត្តថា អ្វីដែលអាជ្ញាធររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើគឺសុទ្ធតែប្រើអំណាច និងប្រើកម្លាំងប្រឆាំងនឹង ប្រជាជនកម្ពុជាស្លូតត្រង់។
តើរឿងពិតវាយ៉ាងណា? អាជ្ញាធរខេត្តក្រចេះបានចេញសេចក្តីប្រកាសឱ្យដឹងថា ប្រជាពលរដ្ឋជាង២០០នាក់ ប្រដាប់ដោយកាំបិត ពូថៅ ផ្ទុះការតវ៉ាបិទផ្លូវជាតិ 76A រហូតឈានទៅដល់ការប្រើដបសាំង គប់មកលើសមត្ថកិច្ចខេត្តក្រចេះនៅថ្ងៃទី៨ខែមីនា ឆ្នាំ២០១៨ នៅចំណុចច្រកចូលរបស់ក្រុមហ៊ុនមេមត់ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាពលរដ្ឋតវ៉ាមួយចំនួនក្នុងចំណោម នោះឆ្លៀតប្រើដបសាំងគប់មកលើទាហាន ដែលជាហេតុនាំឱ្យកងកម្លាំង ធ្វើការបាញ់ទ្បើងលើដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ។
ទី៣៖ ហេតុអ្វីបានជាកាសែត និងវិទ្យុមាននិន្នាការប្រឆាំង និងបណ្តាញសង្គមហ្វេសប៊ុក នៃក្រុមអ្នកប្រឆាំងខិតខំបំពងសំឡេងលើរឿងរ៉ាវនេះ? វាពិតជាមិនមែនចៃដន្យទេ! ការបង្កើតព័ត៌មានមិនពិត ស្តីពីការអនុវត្តច្បាប់របស់សមត្ថកិច្ច និងការព្យាយាមលាបពណ៌ព្រឹត្តិការណ៍ពីអាជ្ញាធរអនុវត្តច្បាប់ទៅជាអាជ្ញាធរប្រព្រឹត្តបទល្មើស គឺជាអាជីពរបស់ ក្រុមអ្នកសារព័ត៌មានឯករាជ្យផ្កាប់មករកក្រុមប្រឆាំងទាំងនោះ។ បន្ថែមពីនេះនៅក្នុង អំឡុងពេលនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត បាននិង កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ ពួកគេអាចគិតថាព្រឹត្តិការណ៍អនុវត្តច្បាប់នៅក្នុងខេត្តក្រចេះ គឺជាឱកាសមាសមួយសម្រាប់ពួកគេក្នុងការញុះញង់ឱ្យអ្នករាយការណ៍ ផ្នែកសិទ្ធិមនុស្សនេះរិះគន់រដ្ឋាភិបាល និងបរិហាររដ្ឋាភិបាល។ ដើម្បីបន្តគម្រោងការរបស់ខ្លួននិងបន្តបរិហារពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតាមផ្លូវអាក្រក់របស់ខ្លួន ពួកគេដាច់ខាតត្រូវតែរំលោភក្រមសីលធម៌វិជ្ជាជីវៈ រាយការណ៍នូវ ព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ និងការការរិះគន់ និងមហាជនមានកំហឹងចំពោះកម្លាំងសមត្ថកិច្ច។
កម្ពុជាដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាមិនមានពានរង្វាន់បង្កើតព័ត៌មានក្លែងក្លាយឱ្យប្រព័ន្ធផ្សព្វផ្សាយនោះ ដូចនៅសហរដ្ឋអាមេរិកនោះទេ។ នៅសហរដ្ឋអាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តល់ពានការផ្សាយព័ត៌មានមិនពិតដល់ទូរទស្សន៍ដ៏ល្បី CNN។ ប៉ុន្តែការផ្សាយព័ត៌មានបំផ្លើសក្នុងចេតនាទុច្ចរិត បង្កការថ្នាំងថ្នាក់របស់ប្រជាជន បង្កើតការស្អប់និងចង់ កំហឹងជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គឺសារព័ត៌មានទាំងពីរនេះត្រូវចេញ មុខសុំទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជាចំពោះកំហុសឆ្គងមុខវិជ្ជាជីវៈ និងសុំខមា ទោសប្រជាពលរដ្ឋដែលបានផ្សាយព័ត៌មានមិនពិតប្រឌិតថាមានការស្លាប់មនុស្ស ដែលនេះគឺជាការប្រមាថជីវិត ប្រជាជនយ៉ាងច្បាស់៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨