(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ តុលាការកំពូល នឹងបន្តបើកសវនាការជំនុំជម្រះលើ បណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនជនត្រូវចោទរូបនេះ រយៈពេល៦ខែ បន្តទៀត។
លោក សំ សុគង់ មេធាវីលោកកឹម សុខា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សវនាការនេះ ដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់តុលាការកំពូល បានថ្លែងឱ្យដឹងថា សវនាការនៅព្រឹកនេះ ពុំចាំបាច់មានវត្តមានជនត្រូវចោទកឹម សុខា ទេ ព្រោះជាសវនាការមុនអង្គសេចក្តី តុលាការកំពូលសម្រេចតែលើអង្គច្បាប់។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ តម្រូវឱ្យមានការជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕