(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការរងភូមិភាគ២ និងជាមេបញ្ជាការប្រតិបត្តិការសឹករងក្រចេះ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបន្ដចេញមុខច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ និងវិទ្យុអាស៊ីសេរី ដែលបានផ្សាយខុសពីការពិតថា មានប្រជាពលរដ្ឋស្លាប់ ៦នាក់ និងរបួសជាង៤០នាក់ ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ។
លោកឧត្តមសេនីយ៍មេបញ្ជាការ តាមរយៈបណ្ដាញព័ត៌មាន Fresh New បានថ្លែងយ៉ាងដូច្នេះថា «របាយការណ៍ដែលផ្សាយដោយកាសែតភ្នំពេញប៉ុស្ដិ៍ និងវិទ្យុអាស៊ីសេរី គឺខុសពីការពិតទាំងស្រុង គឺមិនមានស្លាប់ និងរបួសយ៉ាងដូច្នេះឡើយ ពោលមានតែពលរដ្ឋរបួស២នាក់ប៉ុណ្ណោះ ដោយម្នាក់ត្រូវចំគូទ និងភ្លៅ ហើយត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ»។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានស្នើមកកងកម្លាំងទាំង៣ប្រភេទ គឺមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដោយក្នុងមួយអង្គភាព៥០នាក់ ដើម្បីចូលរួមជាមួយអាជ្ញាធរ និងមន្រ្តីជំនាញដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ហើយលោកមានការឯកភាព ពីមេបញ្ជាការភូមិភាគ២ ក៏បានបញ្ជូនកម្លាំងឲ្យទៅចូលរួមប្រតិបត្តិការនេះ។
លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង បានបន្ដថា ក្រោយពីបញ្ម្ខ្លក្រោយពីបញ្ជូនទៅ កម្លាំងខ្លះបានទៅការពារក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុន ហើយកម្លាំងខ្លះនៅការពារពីខាងក្រោយ ប៉ុន្ដែក្រោយមកក៏មានការសុំអន្ដរាគមន៍យកកម្លាំងបន្ថែមក្រោយពីប្រជាពលរដ្ឋបិទផ្លូវ ក៏កម្លាំងបានចេញទៅជួយអន្ដរាគមន៍ទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធររហូតដល់មានការប៉ះទង្កិចតែម្ដង និងឈានការចាប់ខ្លួនពលរដ្ឋខ្លះដើម្បីសួររកមេខ្យល់ផងដែរ។
លោកមេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមកតវ៉ាដោយមានរៀបចំដបសាំងត្រៀមរួចជាស្រេច ក្នុងគោលបំណងរបស់ពួកគាត់ គឺចង់ដុតរថយន្ដរបស់មន្ដ្រីអាជ្ញាធរតែម្ដង ប៉ុន្ដែបានទប់ស្កាត់ទាន់ពេលវេលា។
លោកបន្ថែមថា ដំបូងឡើយដោយយោងតាមបទបញ្ជារបស់មេបញ្ជាការភូមិភាគ២ ក៏ដូចជាថ្នាក់ដឹកនាំ គឺមិនឲ្យមានការប្រើប្រាស់អាវុធ ឫប្រើហិង្សាណាមួយឡើយ
ប៉ុន្ដែដោយសារតែពលរដ្ឋបានគប់ និងបាញ់ជំពាមកៅស៊ូគ្រាប់ដែក មកលើសមត្ថកិច្ចទើប សមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធ ដើម្បីបំបែកការបិទផ្លូវនេះតែម្ដង។
នៅយប់ថ្ងៃដដែលនេះ លោក ស ចំរុង អភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នួល មិនមានអ្នកស្លាប់ ដូចការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ។
ដោយឡែក លោក ប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក តាមរយៈ Fresh News ដូចគ្នាក៏បានចេញមុខបដិសេធទាំងស្រុង នូវការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានដកស្រង់សម្តីរបស់លោកដោយមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នា នៅស្រុកស្នួលខេត្តក្រចេះ។
សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកការតវ៉ា និងការប្រមូលផ្ដុំបិទផ្លូវជាតិ។
អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។
ជាមួយគ្នានេះ លោក គង់ គឹមនី អភិបាលស្រុកស្នួល ក៏ បានបញ្ជាក់ថា ករណីនេះ មិនបានបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានអ្នករបួសចំនួន២នាក់ ដោយម្នាក់របួសភ្លៅ និងម្នាក់ទៀតរបួសគូថ។
ករណីនេះ លោកអភិបាលខេត្តស្រុុក បានអំពាវនាវឲ្យសាធារណជន កុំមានការភាន់ច្រឡំ និងចាត់ទុកការផ្សព្វផ្សាយដែលថាមានមនុស្សស្លាប់ដោយមិនបានយោងលើប្រភពច្បាស់លាស់ គឺជាការបំភ្លៃការពិត៕