(សៀមរាប)៖ ក្រុមហ៊ុនសាងសង់ផ្សារទំនើប សូម៉ាគ្រុប ខនស្ត្រាក់សិន ជីកប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យមេ (MV) ក្រោមដីដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ៥៩ និងលេខ២៨៨ ស្ថិតនៅភូមិមណ្ឌលទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង០៤៖៥៣នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ។
បើតាមអគ្គិសនីកម្ពុជា ក្រោយមានបញ្ហានេះ ក្រុមការងារបច្ចេកទេសបានសស្រាក់សស្រាំ ធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជន មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៧៖១៥នាទីយប់ថ្ងៃនេះ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុនសាង់សង់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញ និងបង្គោលអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ ដោយឡែកអគ្គិសនីកម្ពុជា ក៏សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ ពីសំណាក់អតិថិជនផងដែរ៕