(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តី និងភរិយាថ្នាក់ដឹកនាំខេត្ត នៅក្នុងឱកាសអបអរសាទរ នៃការប្រារព្ធខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធី និងលើកយកប្រធានបទនេះ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ដ៏ដូចជាសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ភរិយាថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការជាស្រ្តី បម្រើការងារនៅសាលាសាលាខេត្តស្ទឹងត្រែង សរុបចំនួន៧៧នាក់ ក្នុងនោះស្រ្តី៦៣នាក់៕