(ក្រចេះ)៖ លោក ប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ តាមរយៈបញ្តាញព័ត៌មាន Fresh News បានចេញមុខបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានដកស្រង់សម្តីរបស់លោកដោយមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នា នៅស្រុកស្នួលខេត្តក្រចេះ។
សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកការតវ៉ា និងការប្រមូលផ្ដុំបិទផ្លូវជាតិ។ ករណីនេះ បណ្តាលឱ្យមានមនុស្ស២នាក់រងរួប ប៉ុន្តែត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយថា មានអ្នកស្លាប់រហូតដល់៦នាក់។
អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។
លោកប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក បានបដិសេធចំពោះការដកស្រង់សម្តីរបស់ នៅលើកាសែតភ្នំពេញប៉ុស្តិ៍ និងស្នើសុំឱ្យកាសែតភ្នំពេញប៉ុស្តិ៍ ធ្វើការកែតម្រូវនូវសម្តីរបស់លោកឡើងវិញ។ លោកបានបញ្ជាក់ថា លោកបានប្រាប់ទៅកាសែតនេះ ដោយយោងលើព័ត៌មានដែលលោកបានទទួលបានពីប្រជាពលរដ្ឋ ប៉ុន្តែលោកពុំបានដឹងរឿងនេះទេ។
ជាមួយគ្នានេះ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានអ្នករបួសចំនួន២នាក់ ដោយម្នាក់របួសភ្លៅ និងម្នាក់ទៀតរបួសគូថ។ ករណីនេះ លោកអភិបាលខេត្តក្រចេះ បានអំពាវនាវឱ្យសាធារណជន កុំមានការភាន់ច្រឡំ និងចាត់ទុកការផ្សព្វផ្សាយដែលថាមានមនុស្សស្លាប់ដោយមិនបានយោងលើប្រភពច្បាស់លាស់ គឺជាការបំភ្លៃការពិត៕