(ក្រចេះ)៖ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះថា ករណីផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នួល មិនមានអ្នកស្លាប់ ដូចការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ។
សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកការតវ៉ា និងការប្រមូលផ្ដុំបិទផ្លូវជាតិ។
អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។
លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានអ្នករបួសចំនួន២នាក់ ដោយម្នាក់របួសភ្លៅ និងម្នាក់ទៀតរបួសគូថ។ ករណីនេះ លោកអភិបាលខេត្តក្រចេះ បានអំពាវនាវឱ្យសាធារណជន កុំមានការភាន់ច្រឡំ និងចាត់ទុកការផ្សព្វផ្សាយដែលថាមានមនុស្សស្លាប់ដោយមិនបានយោងលើប្រភពច្បាស់លាស់ គឺជាការបំភ្លៃការពិត៕