(ស្វាយរៀង)៖ លោក ទុំ សារ៉ាវុធ អនុប្រធានគណៈកម្មការរៀបចំការប្រកួត តំណាងលោក ហង្ស វិចិត្រ ប្រធានគណៈកម្មការរៀបចំការប្រកួត និងលោក ម៉ៅ សូនីដែន លេខាធិការបច្ចេកទេស និងផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលប្រកួតបាល់ទាត់យុវជនស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុម និងគ្រូបង្វឹកទាំង៨ស្រុក/ក្រុង ព្រមក្រុមការងារសម្របសម្រួលកីឡាសរុបចំនួន៤០នាក់។
ការប្រកួតពានរង្វាន់បាល់ទាត់ យុវជនស្វាយរៀងលើកទី១ ឆ្នាំ២០១៨ និងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។
ការប្រកួតនេះមានគោលបំណង បំផុសស្មារតីក្នុងន័យ លើកស្ទួយវិស័យកីឡា សុខភាព មិត្តភាព និងភាពសប្បាយរីករាយ ក្នុងស្រទាប់យុវជន ទូទាំងខេត្តស្វាយរៀង ឲ្យមានសក្តានុពល និងភាពរីកចម្រើនកាន់តែខ្លាំង ផ្នែកវិស័យកីឡាបាល់ទាត់ក្នុងខេត្តស្វាយរៀង ក៏ដូចជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ការប្រកួតនេះក្នុងក្របខ័ណ្ឌទូទាំង៨ស្រុក/ក្រុង ក្នុងខេត្តចូលរួមប្រកួត។
ពានរង្វាន់យុវជនស្វាយរៀងបង្កើតឡើងដោយ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោក ហង្ស វិចិត្រ ជាប្រធានគណៈកម្មការរៀបចំការប្រកួត៕