(ស្នួល,ក្រចេះ)៖ អភិបាលស្រុកស្នួល ខេត្តក្រចេះ លោក គង់ គឹមនី តាមរយៈបណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ បានចេញមកទាត់ចោលទាំងស្រុងរបស់ការ ផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ តាមគេហទំព័ររបស់ខ្លួនដែលថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយអាជ្ញាធរចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិតទាល់តែសោះ និងចង់បំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានប្រាប់បណ្តាញសារព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ចំពោះព័ត៌មាននេះ ខ្ញុំសូមបដិសេធចោលទំាំងស្រុង គឺមិនពិតទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជាង៤០នាក់ ក៏មិនពិតដែរ ដូច្នេះខ្ញុំសូមបញ្ជាក់ដល់សាធារណជនទូទាំងប្រទេសថា សូមកុំមានការភ័ន្តច្រឡំឲ្យសោះមិនមែនជាការពិតឡើយ»។
ការបញ្ចេញប្រតិកម្មខ្លាំងៗខាងលើនេះ ពីអភិបាលស្រុកស្នួល បានកើតមានឡើង បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅក្នុងគេហទំព័រនៅវេលាម៉ោង ៥៖២៥នាទីល្ងាចថ្ងៃនេះថា យ៉ាងហោចណាស់ មានពលរដ្ឋចំនួន៦នាក់ បានស្លាប់ និងជាង៤០នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាខាងលើនេះ។ ការចុះផ្សាយនេះ ដោយភ្នំពេញប៉ុស្តិ៍បានដកស្រង់សំដីពីលោក ប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក និងពលរដ្ឋនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា ជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ រហូតនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បានបណ្ដាលឲ្យស្ទះការធ្វើដំណើររយៈពេល ជាង១ម៉ោង ពោលចាប់ពីម៉ោង១២៖៥០ រហូតដល់ម៉ោង០២៖១៥នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកការតវ៉ា និងការប្រមូលផ្ដុំបិទផ្លូវជាតិ។
អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួយប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួស ភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ។
អភិបាលស្រុកស្នួល បានចោទប្រជាពលរដ្ឋទាំង២០០នាក់ ដែលជាជនចំណាកស្រុកមកពីខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀងនោះ បានចូលទៅកាប់ឆ្ការយកដីក្រុមហ៊ុន ចំការកៅស៊ូមេមត់ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលចំនួន៩,០០០ហិចតា។
លោកអភិបាលស្រុក បានអះអាងថា អាជ្ញាធរបានជួបសម្របសម្រួលជាមួយ ពួកគាត់មិនតិចជាង៦ដងនោះឡើយ ដោយពន្យល់ណែនាំថា ពលរដ្ឋណាម្នាក់អត់ដីពិតប្រាកដ អាចទៅសុំបញ្ជាក់ពីអាជ្ញាធរដើមរបស់ខ្លួន រួចហើយមកជួបអាជ្ញាធររបស់លោក ដើម្បីស្នើសុំរៀបចំដីសង្គមកិច្ចជូនពួកគាត់ ដោយអាជ្ញាធរមិនទុកឲ្យពួកគាត់អត់ដីធ្លីផ្ទះសំបែងយ៉ាងដូច្នេះឡើយ ពីព្រោះបើមករស់នៅក្នុងទឹកដីស្នួល គឺជាពលរដ្ឋរបស់ខ្លួន។
អភិបាលស្រុករូបនេះ បានហៅប្រជាពលរដ្ឋទាំងនោះ រឹងទទឹង និងមិនគោរពច្បាប់ ហើយនៅតែចង់បានទីតាំងដែលពួកគាត់កាប់ឆ្ការក្នុងដីរបស់ក្រុមហ៊ុននោះ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ លោក ហុង ហ៊ាត ដែលបានតាមដានរឿងខាងលើនេះបានរាយការណ៍ថា ប្រជាពលរដ្ឋទាំងជាង២០០នាក់ បានប្រើជំពាម កាំបិត និងកាំភ្លើងកែច្នៃ ហើយបាញ់ជំពាមជាមួយគ្រាប់ដែក ទៅលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួស ហើយពេលនោះកម្លាំងសមត្ថកិច្ចដែលភាគច្រើនជាទាហាន បានបាញ់ជាច្រើនគ្រាប់ឡើងលើ រហូតគ្រប់គ្រងសភាពការណ៍បាន និងបំបែកការតវ៉ា។
លោក គង់ គឹមនី ក្នុងនាមជាថ្នាក់ដឹកនាំនៅមួលដ្ឋាននេះ នៅតែប្ដេជ្ញារក្សាជំហរធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងនេះ ដើម្បីឲ្យពួកគាត់មានដីធ្លីពិតបា្រកដ និងបញ្ឈប់ឲ្យមានសកម្មភាពកាប់រានខុសច្បាប់បែបនេះតទៅទៀតឡើយ៕