(ភ្នំពេញ)៖ លោក អ៊ូរ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសជំហរនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ថា លោកមិនគាំទ្រដាច់ខាត ចំពោះកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និង លោក កុក ស (Kok Ksor) មេដឹកនាំជនជាតិភាគតិចវៀតណាម «ម៉ុងតាញ៉ា» បើសិនជាមានការបែងចែកទឹកដីកម្ពុជា ទៅឲ្យជនជាតិភាគតិចវៀតណាមគ្រប់គ្រងនោះ។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអ្នកតតាំងផ្លូវច្បាប់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ បានចាត់ទុកថា កិច្ចព្រមព្រៀងដែលកាត់ទឹកដីកម្ពុជា ទៅឲ្យជនជាតិដទៃគ្រប់គ្រង គឺខុសច្បាប់រដ្ឋធម្មនុញ្ញ ហើយរូបលោករួមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដទៃទៀតមិនគាំទ្រនោះទេ។
អតីតសមាជិកអចិន្រ្តៃយ៍អតីតគណបក្សសង្រ្គោះជាតិកូតាលោក កឹម សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «បើសិនជាករណីនេះជាការពិត គឺខ្ញុំមិនគាំទ្រទេ ព្រោះទឹកដីមិនអាចទៅបែងចែក ចុះកុងត្រាកាត់ទឹកដីឲ្យទៅជនជាតិណា វាអត់អាចទេ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងហើយ បានជាខ្ញុំបានជំរាបទៅភ្នំពេញប៉ុស្តិ៍ដែរថា ខ្ញុំអត់ឯកភាពទេ ចំពោះការសម្រេចចិត្តទៅចុះកុងត្រាហត្ថលេខា ជាមួយជនជាតិណាក៏ដោយ ក្នុងការបំបែកទឹកដី វាខុសច្បាប់ហើយ»។
កិច្ចព្រមព្រៀងបែងចែកទឹកដីរវាងលោក សម រង្ស៊ី និងលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) រឺម៉ុងតាញ៉ា (វៀតណាមសេរី)នោះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៣ ក្នុងពេលដែលលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ប៉ុន្តែទើបនឹងត្រូវបានទម្លាយយ៉ាងផុសផុលនាថ្មីៗនេះ។ បណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» បានទម្លាយវីដេអូកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា រូបលោក រួមទាំងអតីតសមាជិកអចិន្រ្តៃយ៍របស់អតីតគណបក្សសង្រ្គោះជាតិ ពុំបានដឹងអំពីរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទាល់តែសោះ។ លោកមានការសង្ស័យថា លោក សម រង្ស៊ី អាចធ្វើរឿងនេះដោយខ្លួនឯងហើយមិនប្រាប់នរណាទាំងអស់ ដោយសារតែទង្វើរបៀបនេះ គឺជាចរិតរបស់លោក សម រង្ស៊ី តែម្តង។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា «ខ្ញុំអត់ជ្រាបទេ ក្នុងគណៈអចិន្រ្តៃយ៍ គ្មាននរណាជ្រាបរឿងហ្នឹងទេ ហើយយើងក៏មិនអាចទទួលយកនយោបាយបែបហ្នឹងដែរ ព្រោះយើងប្រកាន់ខ្ជាប់នូវការគោរពរដ្ឋធម្មនុញ្ញ ហើយយើងក៏បានមើលឃើញដែរថា ដើម្បីទាញប្រជាប្រិយភាព ទទួលការគាំទ្រហើយទៅកាត់ទឹកដីឱ្យគេ មិនត្រូវទេ»។
លោកបានបន្តថា «ខ្ញុំគ្រាន់តែយល់ពីចរឹតនៃការដឹកនាំរបស់គាត់ (សម រង្ស៊ី) ជួនកាលគាត់មិនបានមកប្រាប់ មកជម្រាបថ្នាក់ដឹកនាំដទៃទៀតទេ ជួនកាលគាត់ចេះតែថាទៅ! អានេះគឺតាមខ្ញុំសង្កេតពីចរឹតរបស់គាត់។ គាត់មានចេតនាមិនឱ្យនរណាដឹង»។
ទោះជាយ៉ាងនេះក្តី តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ លោក សម រង្ស៊ី បានសារភាព និងទទួលស្គាល់ថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាមច្បាប់ព្រហ្មទណ្ឌ ទង្វើរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បែបនេះ គឺជាទោសក្បត់ជាតិ ដែលប្រឈមនឹងជាប់គុកអស់មួយជីវិត។ លោក គឹម សន្តិភាព បញ្ជាក់ថា «សកម្មភាពនេះគឺជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត! នេះបើយោងតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!»។
ដោយឡែក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើដ៏ខ្មៅកង្វក់ក្បត់ជាតិរបស់ លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្តចំនួន៤ ទៅឲ្យវៀតណាម៕