(ភ្នំពេញ)៖ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក ជា វ៉ាន់ដេត នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការភូតកុហកប្រឌិតព័ត៌មានរបស់ទណ្ឌិត សម រង្ស៊ី ដែលបំផុសបំផុលថា រាជរដ្ឋាភិបាល នឹងផ្តាច់អាហារូបករណ៍ដល់និស្សិតទាំងឡាយ ដែលមិនទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសអូស្រ្តាលី នាពាក់កណ្តាលខែនេះ។
លោក ជា វ៉ាន់ដេត បានលើកឡើងថា «ទង្វើរកុហករបស់ទណ្ឌិត សម រង្ស៊ី នេះ គឺធ្វើឡើងដើម្បីឱ្យសាធារណជនយល់ច្រឡំថា រដ្ឋាភិបាលមានការគាបសង្កត់ និងគំរាមកំហែងសូម្បីតែនិស្សិតដែលរៀននៅក្រៅប្រទេសក៏ដោយ»។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ជូនទណ្ឌិត សម រង្ស៊ី ចំនួន៣ចំណុចថា៖
១៖ និស្សិតភាគច្រើនដែលកំពុងសិក្សានៅទីនោះ គឺជានិស្សិតដែលទៅរៀនបង់ថ្លៃដោយខ្លួនឯង ដោយថវិការបស់ឪពុក-ម្តាយខ្លួន។ ដូច្នេះនិស្សិតទាំងនោះក៏គ្មានពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលកម្ពុជាដែរ ហើយរដ្ឋាភិបាលកម្ពុជាក៏គ្មានសិទ្ធិគំរាមកំហែងដល់និស្សិតទាំងនោះដែរ។
២៖ ក្នុងពេលដែលមាននិស្សិតជាច្រើនកំពុងសិក្សាបង់ថ្លៃនៅប្រទេសអូស្ត្រាលី និងញូហ្សេឡែន ហើយក្នុងចំណោមនោះ ក៏មាននិស្សិតមួយចំនួនគឺជានិស្សិតអាហារូបករណ៍ ដែលរដ្ឋាភិបាលកម្ពុជាពុំបាន ចេញថ្លៃសិក្សាសម្រាប់និស្សិតទាំងនោះដោយផ្ទាល់ទេ។
៣៖ កន្លងមក រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងដើម្បីចរចាជាមួយរដ្ឋាភិបាលបរទេស ក្នុងការ ស្វែងរកអាហារូបករណ៍ឱ្យនិស្សិតខែ្មរទៅរៀននៅក្រៅប្រទេស ហើយនិស្សិតដែលបានទទួលអាហារូបករណ៍ តាមរយៈរដ្ឋាភិបាលកម្ពុជាទៅរៀននៅក្រៅប្រទេស ឬតាមរយៈអង្គការឬស្ថាប័នផ្សេងៗរបស់អូស្ត្រាលី និងញូហ្សេឡែន គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យ និងរដ្ឋាភិបាលនៃប្រទេសនោះ។ គ្មានហេតុផលណាមួយដែលរដ្ឋាភិបាលកម្ពុជាមានសិទ្ធិគំរាមកំហែងឬផ្តាច់អាហារូបករណ៍នោះទេ ប្រសិនបើគាត់ ជានិស្សិតល្អ រៀនសូត្របានលទ្ធផលល្អ មិនធ្លាក់ និងគ្មានប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសគេ។
ក្នុងន័យនេះ លោក ជា វ៉ាន់ដេត ក៏បានផ្តាំដល់ទណ្ឌិត សម រង្ស៊ី ថា «អំពើកុហករបស់ទណ្ឌិត សម រង្ស៊ី អាចប្រជាពលរដ្ឋកម្ពុជាដែលមិនដឹង ពួកគាត់អាចមានការយល់ច្រឡំ តែនេះជាអំពើកុហកដែលថ្ងៃនេះ លោកអាចកុហកគេជឿ ឬគេមិនជឿ តែអំពើកុហករបស់លោកមិនអាចស្ថិតស្ថេររហូតទេ។ លោកមិនមានលក្ខណៈសម្បតិ្តជាមេដឹកនាំប្រទេសទេ ពីព្រោះលោកតែងតែកុហកប្រជាពលរដ្ឋរហូត និងញុះញង់ខ្មែរគ្នាឯង ដើម្បីតែសម្លេងឆ្នោត និងមហិច្ឆិតាចង់បានកាន់អំណាចតែប៉ុណ្ណោះ។ អំពើកុហកបោកប្រាស់និងញុះញង់ប្រជាជនបែបនេះជាអំពើក្បត់ជាតិ និងក្បត់ប្រជាជន»៕