(កណ្ដាល)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម រួមជាមួយរដ្ឋបាលតំបន់រោងចក្រ 7NG បានរៀបចំកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ 7NG យ៉ាងគគ្រឹកគគ្រេងជាមួយកម្មករ-កម្មការិនី ដោយមានការចូលរួមសហការ ផ្នែកបច្ចេកទេសរៀបចំពីខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨។
វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីពីសំណាក់លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម តំណាងបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហេង សួរ ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប 7NG-SkyLand ក្នុងនោះមានបេក្ខនារីចំនួន ១២នាក់ និងបេក្ខជនចំនួន ១២នាក់ ចូលរួមប្រកួតប្រជែងដណ្តើមយកជ័យលាភីលេខ១ ដល់លេខ៣ ។
លោកស្រី ងួន សុខា លើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារបានរៀបចំកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ 7NG នេះឡើង ដើម្បីបង្កើនឱកាសសប្បាយរីករាយ និងដើម្បីលើកកម្ពស់តម្លៃការងាររបស់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ព្រមទាំងជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ផងដែរ។
លោកស្រីបញ្ជាក់ថា បើគ្មានស្ត្រី បុរសមិនអាចសម្រចអ្វីគ្រប់យ៉ាងបាននោះទេ ទាល់តែមានការចូលរួមពីខាងស្ត្រីដែរ ដូចពាក្យចាស់បុរាណខ្មែរពោលថា សំណាបយោងដី ស្ត្រីយោងបុរស ឬសម្លឆ្ងាញ់ដោយសារគ្រឿង ស្វាមីរុងរឿងដោយសារភរិយា។
សូមបញ្ជាក់ថា ចំពោះការប្រកួតកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ 7NG នេះ ជ័យលាភីលេខ១បេក្ខនារីបានទៅលើ កញ្ញា នី ស្រីពេជ្រ ធ្វើការនៅរោងចក្រ Kyung Shin Cambodia Corp ជ័យលាភីលេខ២ កញ្ញា ម៉ៅ ធីតា ធ្វើការនៅរោងចក្រឥណ្ឌូចិន ជ័យលាភីលេខ៣ កញ្ញា ខន ពីសី ធ្វើការនៅរោងចក្រឥណ្ឌូចិន ចំណែកជ័យលាភីលេខ១បុរស លោក ឡន ម៉េងលាង ធ្វើការនៅរោងចក្រ Crystal Matin ជ័យលាភីលេខ២ លោក គង់ វីតាក់ ធ្វើការនៅរោងចក្រ Kyung Shin Cambodia និងជ័យលាភីលេខ៣ លោក លាង ស៊ីណា ធ្វើការនៅរោងចក្រ Crystal Matin។
ចំពោះរង្វាន់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ២,០០០,០០០រៀល ជ័យលាភីលេខ២ ទទួលបាន ១,៥០០០,០០០រៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល រីឯអ្នកដែលមិនបានជាប់ជ័យលាភីម្នាក់ទទួលបានទឹកប្រាក់ចំនួន ២០០,០០០រៀល៕