(ភ្នំពេញ)៖ គ្រឿងចក្រកម្ទេចមីនធន់ធ្ងន់ចំនួន៥គ្រឿង ព្រមទាំងគ្រឿងបន្លាស់តម្លៃជិត ៤លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានមកដល់កម្ពុជាហើយ ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅកម្ពុជា។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង និងគ្រឿងបន្លាស់មួយចំនួនផង បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។ គ្រឿងចក្រធុនធ្ងន់ទាំង៥គ្រឿង និងគ្រឿងបន្លាស់ទាំងនេះ មានតម្លៃជិត៤លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់សកម្មភាពការងាររបស់ស៊ីម៉ាក់»

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលជប៉ុន បានប្រគល់គ្រឿងចក្រ និងសម្ភារៈកម្ទេចមីន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីន ជូនមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។ សម្ភារៈបច្ចេកទេសទាំងអស់នោះ រួមមាន គ្រឿងចក្រកម្ទេចមីនធុនធ្ងន់៩គ្រឿង រថយន្តគ្រប់ប្រភេទ៨៨គ្រឿង ម៉ាស៉ីនរាវមីន ៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន ៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត៕