(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ១ខ្នង ទីតាំងប្រវត្តិសាស្រ្ត ទីបញ្ជាការសមរភូមិប្រាសាទព្រះវិហារ ទំនប់បាញ់ស៊ីប និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៧ បើកវគ្គហ្វឹកហ្វឺនឆ្នាំ២០១៨។
ពិធីនេះបានធ្វើនៅទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យុង អនុពន្ធ័យោធាវៀតណាមប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឲ្យដឹងថា អគារ១ខ្នងទីតាំងប្រវត្តិសាស្រ្ត ទីបញ្ជាការសមរភូមិប្រាសាទព្រះវិហារ មានបណ្តោយ៣០ម៉ែត្រ ទទឹង១២ម៉ែត្រ ធ្វើពីថ្មប្រក់ក្បឿងបានសាងសង់ចាប់ពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រួមទាំងធ្វើផ្លូវចូល ធ្វើប៉ុស្តិ៍យាម បំពាក់កៅអី ចំនួន៣០០កៅអី បានចំណាយអស់ថវិកា១២០,៣៤០ដុល្លារ ក្នុងនោះថវិកាជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម ចំនួន៥០,០០០ដុល្លារ និងអំណោយសប្បុរសជនសរុបចំនួន៧០,៣៤០ដុល្លារ។
ចំពោះទំនប់បាញ់ស៊ីប មានប្រវែង២០០ម៉ែត្រ ទទឹង៥០ម៉ែត្រ ខ្នងទំនប់១០ម៉ែត្រ មានកំពស់៨ម៉ែត្រ បានសាងអស់ថវិកា៥៦,៥០០ដុល្លារ ជាអំណោយ របស់ក្រសួងការពារ ប្រទេសវៀតណាម បានកសាងចាប់ពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ មឹង សំផន បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកនៅទិសជួរមុខ ដោយសម្តេចបានផ្តល់ជូននូវផ្ទះសំបែង ដីធ្លីសម្រាប់បង្កបង្កើនផល ដាំដំណាំ និងបានដំឡើងនូវគោលរបបប្រាក់បៀវត្ស ដល់នាយទាហាន ពលទាហាន និងអតីតយុទ្ធជនឲ្យមានការកើនឡើងជាលំដាប់ ដើម្បីលើកស្ទួយជីវភាព រស់នៅប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរ។
នាយឧត្តមសេនីយ៍ មឹង សំផន បានចាត់ទុកសមិទ្ធផលដែលកងពលធំអន្តរាគមន៍លេខ៣ សម្រេចបាន និងការធ្វើលំហាត់បាញ់គ្រាប់ពិតនេះ ពិតជាមានសារសំខាន់ ដែលបានរួមចំណែកពង្រឹងសមត្ថភាពដល់ នាយទាហាន ពលទាហាន ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ពិសេសការពារសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្នឲ្យបានគង់វង្សទៅថ្ងៃអនាគត។
នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយ នាយទាហានរង និងពលទាហានទាំងអស់ក្នុងកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទីមួយប្រាសាទព្រះវិហារ ធ្វើយ៉ាងណារក្សាសន្តិភាព ដែលមានស្រាប់នៅកម្ពុជា ឲ្យបានគង់វង្សដោយត្រូវមានភាពស្មោះត្រង់ចំពោះ រាជរដ្ឋាភិបាល និងគោរពរពឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការបានដាក់ចុះ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មឹង សំផន បានបន្តដំណើរចុះសួរសុខទុក្ខអ្នកជំងឺ លោកគ្រួ អ្នកគ្រួពេទ្យ នៅក្នុងមន្ទីពេទ្យសម្តេចតេជោ ហ៊ុន សែន សាអែម ដោយបាននាំយកនូវអំណោយរបស់សម្តេចតេជោ ទៅប្រគល់ជូនដល់អ្នកជំងឺផងដែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន សាអែម បច្ចុប្បន្ននេះបានកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពកងទ័ព និងគ្រួសារកងទ័ព ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ បច្ចុបន្បន្នមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន សាអែម បានបំពាក់ឧបករណ៍ បរិក្ខាពេទ្យ ទំនើបដែលធ្វើឲ្យកងទ័ព និងប្រជាពលរដ្ឋមានជំនឿទុកចិត្ត លើការព្យាបាលរបស់មន្ទីពេទ្យ ហើយមានបងប្អូនប្រជាពលរដ្ឋអ្នកជំងឺជាច្រើន បានទៅទទួលសេវាព្យាបាល ថែទាំសុខភាពនៅមន្ទីពេទ្យសម្តចតេជោ ហ៊ុនសែន សាអែមនេះ៕