(ជប៉ុន)៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Prince Hotel Tokyo តបតាមការអញ្ជើញរបស់ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុន និង លោក អានហ្គែល ហ្គូរៀ (Angel Gurria) អគ្គលេខាធិការ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអមដំណើរពីសំណាក់ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសន្និបាតថ្នាក់ រដ្ឋមន្ត្រីក្រោមកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ក្រោមប្រធានបទ «អាស៊ានប្រកបដោយបរិយាប័ន្ន»

នៅក្នុងបទអន្តរាគមន៍ក្រោមប្រធានបទ «អាស៊ានប្រកបដោយបរិយាប័ន្នតាមរយៈការតភ្ជាប់» លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអាស៊ានសម្រេចបាននាពេលកន្លងមក និងបានជម្រាបជូនអង្គសន្និបាត អំពីគោលនយោបាយរបស់កម្ពុជា ក្នុងការតភ្ជាប់ជាមួយបណ្តា ប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ដែលនឹងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជារោងចក្ររបស់អាស៊ី ក៏ដូចជាទាក់ទាញការវិនិយោគពីបរទេស និងបង្កើតការងារបន្ថែមទៀត៕