(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងថា មានការចូលរួមពីស្ត្រី ទើបធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ដូច្នេះសូមបងប្អូនស្ត្រីយើង ត្រូវចូលរួមឲ្យបានគ្រប់គ្នា ការពារសន្តិភាព ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងបែបនេះ របស់លោកស្នងការខេត្តព្រះវិហារ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញចូលរួមអបអរសារទរខួបលើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដោយមានការចូលរួមពីលោកស្នងការរង នាយកការិយាល័យ អធិការក្រុង ស្រុកទាំង៨ ព្រមទាំងស្ត្រីជានគរបាល និងស្ត្រីជាភរិយារបស់នគបាលយើង ជាច្រើនរូបទៀតផងដែរ។
លោក យិន ចំណាន បានឲ្យដឹងបន្តថា ប្រធានបទខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៨នេះ ពិតជាមានអត្ថន័យ ខ្លឹមសារសំខាន់ណាស់ ដោយបានសំដៅ ឫក៏បំផុសអោយស្ត្រីខ្មែរយើងទាំងអស់រួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន។ លោកបានបន្តថា ចំណុចនេះហើយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជា នាយករដ្ឋមន្ត្រី តែងបានលើកកំពស់យែនឌរ័ ដោយធ្វើការជម្រុញអោយស្ត្រីខ្មែរ ចូលរួមគ្រប់ចលនាសង្គមនានា អោយស្ត្រីខ្មែរយើងមានមុខតំណែងនៅក្នុងជួររាជរដ្ឋាភិបាល និងតាមអង្គភាពកងកម្លាំងផ្សេងៗ ជាច្រើនទៀត។
ដើម្បីចូលរួមអបអរសារទរខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៨នេះ អង្គភាពស្នងការនគរបាលខេត្តព្រះវិហារ បានរៀបចំជូនការដូអនុស្សាវរីយ៍ ជូនបាច់ផ្កា និងជប់លៀងហូបបាយសាមគ្គីដល់បងប្អូននគរបាលជាស្ត្រី និងភរិយានគរបាលជាច្រើនរូបទៀតផងដែរ។ បន្ថែមលើនេះ លោកស្នងការខេត្តព្រះវិហារ ក៏បានអំពាវនាវអោយស្ត្រីយើង ចូលរួមថែរក្សាសន្តិភាព ដើម្បីឲ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍជាងនេះទៀត៕