(ភ្នំពេញ)៖ ផលិតករភាពយន្តខ្មែរ លោក សែម វិសាល ​ត្រូវបានគេស្គាល់ថា ជាចាងហ្វាងផលិតកម្ម «វ័នឌើហ្វីមល៍» បានសម្ដែងក្ដីបារម្ភ ចំពោះភាពយន្តខ្មែរ ដែលកំពុងតែមានការប្រកួតប្រជែង​យ៉ាងខ្លាំង ជាមួយនឹងភាពយន្តបរទេស ដោយបានហូរចូលជារៀងរាល់ថ្ងៃ ជាពិសេសការពង្រឹងទៅលើគុណភាព ការចំណាយដើមទុន ការជ្រើសរើសតួសម្ដែង និង​បច្ចេកទេសនៃផលិតសាច់រឿង ពោលគឺវិស័យភាពយន្តខ្មែរ ហាក់នៅក្នុងស្ថានភាពមួយ ​ឃ្លេងឃ្លោង​នៅឡើយ បើទោះបីជាផលិតករមួយចំនួន ខំចំណាយនូវធនធាន ​របស់ខ្លួន​ជាច្រើន ដើម្បីផលិតរឿងដាក់បញ្ចាំង នៅលើទីផ្សារក្ដី។

ការថ្លែងបែបនេះ ពីសំណាក់ម្ចាស់ផលិតកម្មលោក សែម វិសាល ត្រូវបានធ្វើឡើង នៅក្នុងកម្មពិធីសម្ពោធរឿង «ផ្ទះចិញ្ចឹមខ្មោច» ត្រូវបានធ្វើឡើង​ កាលពីល្ងាចថ្ងៃទី​០៧ ខែមិនា នៅរោងភាពយន្ត Major ផ្សារទំនើបសុរិយា ដោយមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនរូប ជាពិសេសមានការចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់លោក ឆាយ បូរ៉ា ដែលត្រូវបានគេស្គាល់ថា ជា​ប្រធានសមាគមភាពយន្ត និង ស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួមនៅក្នុងកម្មវិធីមួយនេះ ផងដែរ។

លោក សែម វិសាល បានបង្ហាញនូវចំណុចខ្លះៗ នៅក្នុងកម្មវិធីសសម្ពោធរឿងរបស់ខ្លួនថា «​ជាការពិតណាស់! ក្នុងនាមខ្ញុំបាទជាសមាជិក របស់សមាគមភាពយន្ត ខ្ញុំសូមអរគុណ​ដល់ផលិតករគ្រប់រូប ដែលបានចំណាយដើមទុនផ្ទាល់ខ្លួន វិនិយោគទុន ក៏ដូចជាពេលវេលា​ និង​​ខិតខំប្រើប្រាស់វិជ្ជាជីវៈ ដើម្បីធ្វើឲ្យវិស័យភាពយន្ត នៅកម្ពុជា មានភាពរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែយ៉ាងណាមិញ ដូចយើងបានដឹងស្រាប់ហើយថា វិស័យភាពយន្តនៅប្រទេសកម្ពុជា បើនិយាយពីការចុះទុនពីដំបូង ត្រូវត្រៀមខ្លួនឲ្យហើយទុកមុន ពីព្រោះវិស័យរបស់យើង ហាក់នៅមានភាពឃ្លេងឃ្លោងៗ ពោលគឺមិនទាន់មានលំនឹងច្បាស់លាស់នៅឡើយទេ ប្រសិនបើអ្នកចូលទស្សនា មានចំនួនតិច នោះហានិភ័យ កាន់តែមានខ្ពស់​ ដូច្នេះហើយ បើសិនជាចង់ឲ្យវិស័យភាពយន្តខ្មែរ នៅប្រទេសកម្ពុជា មានភាពរីកចម្រើនទៅមុខ សូមមហាជនចូលរួមលើកស្ទួយវិស័យវប្បធម៌ ទាំងអស់គ្នា»​។

សូមបញ្ជាក់ថា ភាពយន្តរឿង «​ផ្ទះចិញ្ចឹមខ្មោច» មានការចូលរួមសម្ដែងដោយតារាល្បីៗ ជាច្រើនដួងរួមមាន កញ្ញា ដេននី ក្វាន់, នាយ គ្រឿន , នាយ BIG ព្រមទាំងតារាសម្ដែងក្មេងចាស់ជាច្រើនដួងទៀត។ រឿង «​ផ្ទះចិញ្ចឹមខ្មោច» នឹងចាប់ផ្ដើមបើកលក់ សំបុត្របើកឲ្យចូលទស្សនា ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ តទៅ៕