(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន កំពុងតែមានការកើតឡើង គួរឲ្យកត់សម្គាល់ ដោយបានឆក់យកជីវិតមនុស្ស ស្ទើរតែរាល់ថ្ងៃ ជាពិសេសចំពោះអ្នកធ្វើដំណើរ ដោយទោចក្រយានយន្ត។
ដោយហេតុនេះហើយ ទើបក្រសួងសារធារណការ និងដឹកជញ្ជូន សហការជាមួយ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបានការឧបត្ថម្ភគាំទ្រដោយ Pernod Ricard Cambodge បានផលិត វីដេអូខ្លី រឿង «ព្រលឹង» ដែលអប់រំ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព។
ការផលិតវីដេអូនេះ ក្នុងអត្ថន័យ ក្រើនរំលឹកដល់អ្នកធ្វើដំណើរ ដោយទោចក្រយានយន្ត មិនត្រូវមានការប្រមាថ ធ្វេសប្រហែស ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា ទោះធ្វើដំណើរ ជិតឬឆ្ងាយ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវប្រើប្រាស់ទូរសព្ទដៃ ពេលកំពុងបើកបរ។ គ្រោះថ្នាក់ចរាចរណ៍ បំផ្លាញជីវិតអ្នក និងបន្សល់វិប្បដិសារី ដល់ក្រុមគ្រួសារ របស់អ្នក។
នៅក្នុងវីដេអូអប់រំខ្លី រយៈពេល១នាទី និង៤៨វិនាទី និយាយពីបាត់បង់មួយ ដោយប្រពន្ធ ត្រូវបាត់បង់ប្តី កូនស្រី បាត់បង់ឪពុក នេះក៏ដោយសារតែ ការបើកបរមិនគោរពតាមច្បាប់ បើកបរដោយ មិនពាក់មួយសុវត្ថិភាព៕
ខាងក្រោមនេះ ជាវីដេអូខ្លី រឿង «ព្រលឹង» អប់រំ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព៖