(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារសាមគ្គីក្រគរ និងធ្វើតេស្តបឋម ទៅលើត្រីងៀត សាច់ក្រក ប្រហុក ផ្អក ត្រីប្រាសំយ៉ុង ជ្រក់ត្រពាំង ទឹកខ្មេះ ស្ករត្នោត ងៀតកំពត ងៀតផ្ពាល់ត្រីឆ្តោរ ងៀតក្បាលត្រីឆ្តោរ ដែលដាក់តាំងលក់នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គីក្រគរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
បើតាមលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជាលទ្ធផល គឺទំនិញជាម្ហូបអាហារទាំងនោះ មានអនុលោមភាព សុវត្ថិភាពទាំងអស់ ដោយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ដូចជា Salicylic Acid, Sodium Hydrosulfite, Borax និង Formalin នៅក្នុងផលិតផលម្ហូប អាហារទាំងនោះឡើយ។ ជាមួយគ្នានោះ ក្នុងពេលត្រួតពិនិត្យ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ មានការសាទរ និងគាំទ្រច្រើន ជាពិសេសនៅពេល ឃើញម្ហូបអាហារមានអនុលោមភាព សុវត្ថិភាពត្រឹមត្រូវ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែករូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ និងរបៀបនៃការជ្រើសរើសផលិតផល ម្ហូបអាហារ មានសុវត្ថិភាពមកបរិភោគផងដែរ៕