(ភ្នំពេញ)៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។
លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ សម្រេចចិត្តពង្រីកដំណាក់កាលទី២ ដោយបង្កើនសមត្ថភាពផលិតទ្វេដង រហូតដល់៣,០០០តោនក្នុងមួយខែ ហើយវាបានសម្រេចជាស្ថាពរនៅត្រីមាសទី៤ នៃឆ្នាំ២០១៧។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ស្ដីពី «ការលេចឡើងនៃការសាងសង់អគារខ្ពស់ៗធ្វើពីគ្រោង បង្គំដែកក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារ Raffle La Royal បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការបញ្ចប់ជាស្ថាពរ ក្នុងការពង្រីកដំណាក់កាលទី២ របស់ខ្លួន។
លោកបន្ដថា «(ក្រុមហ៊ុនFuxin គឺជាបុត្រសម្ព័នរបស់ក្រុមហ៊ុន ISI Group) បាននឹងកំពុងបន្តផ្ដោតលើការសាងសង់សំណង់ដែក (Pre-engineered Building) ដូចជា រោងចក្រ ឃ្លាំង និងសំណង់អគារ ចាប់ពីខ្នាតតូច រហូតដល់កម្រិតមធ្យម។ ដោយឡែកក្រុមហ៊ុនថ្មីតាមរយៈការវិនិយោគរួមគ្នានេះ កំពុងផ្ដោតទៅលើគ្រោងអគារដែកធ្ងន់ៗ ដូចជា អគារខ្ពស់ៗ មហាវិថី ស្ពាន និងរោងចក្រផលិតថាមពល។ យើងពិតជាមានសេចក្តីរីករាយ និងមានមោទនភាព ទាំងកម្រិតក្រុមហ៊ុន និងកម្រិតប្រទេស ដែលធ្វើឲ្យក្រុមហ៊ុនដ៏សំខាន់ គឺ CSSC ក្លាយជាដៃគូរបស់យើង»។
លោកបានបន្តថា «ការប្រឹងប្រែងដ៏ខ្លាំងក្លា និងភាពច្នៃប្រឌិត បានដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់យើង មានការផ្លាស់ប្ដូរ និងវិវត្តខ្លួន រហូតដល់កម្រិតស្តង់ដារអន្តរជាតិ ហើយវាក៏ជាចំណុចដ៏សំខាន់ ដែលជួយឲ្យក្រុមហ៊ុនរបស់យើង មានការរីកចម្រើនប្រកបដោយសក្ដានុពលខ្ពស់។ ដោយឡែក ចំពោះកម្រិតប្រទេសវិញ យើងពិតជាចង់ឃើញ ក្រុមហ៊ុនធំៗបន្តការវិនិយោគ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា ដំណើរការល្អ និងធ្វើឲ្យមានស្ថិរភាពនយោបាយ និងជំរុញឲ្យមានសក្ដានុពលបន្ថែមទៀត ដើម្បីក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងតំបន់។ តាមរយៈការធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុន Fuxin Steel Buildings បានធ្វើឲ្យក្រុមហ៊ុន វិនិយោគរួមគ្នានេះ ក្លាយជាក្រុមហ៊ុនសំណង់ដែកធំជាងគេ និងវិវឌ្ឍខ្លួនបានរហ័សជាងគេផងដែរ នៅកម្ពុជា»។
ឧស្សាហកម្មសំណង់ កំពុងបន្តតួនាទីសំខាន់ ក្នុងនាមជាសសរទ្រូងមួយ ក្នុងចំណោមសសរទ្រូងដ៏រឹងមាំទាំង៤ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សង្កេតឃើញវត្តមានសំណង់អគារខ្ពស់ៗជាច្រើន កំពុងលេចជារូបរាងឡើង នៅក្នុងរាជធានីភ្នំពេញ។ ឆ្នាំនេះ ក្រុមហ៊ុន ChungKang Steel Structure (Cambodia) រួមគ្នាជាមួយនឹងដៃគូ និងបណ្ដាញផ្សេងៗទៀត កំពុងតែព្យាយាមផ្សព្វផ្សាយយ៉ាងផុសផុល លើការប្រើប្រាស់គ្រោងបង្គំដែក សម្រាប់សាងសង់សំណង់អគារខ្ពស់ៗ ហើយជឿជាក់ថា សំណង់គ្រោងបង្គុំដែក អាចជួយផ្គត់ផ្គង់កំណើននៃតម្រូវការក្នុងការសាងសង់អគារខ្ពស់ៗ ហើយវានឹងដើរតួសំខាន់ ក្នុងការជួយលើកសម្រស់អគារខ្ពស់ៗក្នុងប្រទេសកម្ពុជា ។
ទន្ទឹមនឹងនោះ លោក Sun Chin I ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ChungKang Steel Structure (Cambodia) បានថ្លែងថា «កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន CSSC របស់យើង បានកំណត់ទិសដៅច្បាស់លាស់ ក្នុងការពង្រីកខ្លួនចូលមកក្នុងតំបន់អាស៊ាន ហើយបានជ្រើសរើសទីក្រុងភ្នំពេញ ជាទីតាំងមូលដ្ឋាន និងជាទីស្នាក់ការកណ្តាល នៃការផលិត សម្រាប់ទីផ្សារប្រទេសកម្ពុជា និងដើម្បីចែកចាយទៅកាន់តំបន់ទាំងមូល។ យើងចង់ពង្រឹង និងពង្រីកតាមរយៈបណ្ដាញរបស់ ISI Group មិនមែនដើម្បីត្រឹមតែចង់ឲ្យក្លាយជាក្រុមហ៊ុន ដែលធំជាងគេក្នុងប្រទេសទេ ប៉ុន្តែគឺជាក្រុមហ៊ុនឈានមុខគេក្នុងកម្រិតតំបន់។ ដោយមានការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន Fuxin Steel Buildings យើងបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ជាក់ស្តែងគម្រោងចំណតរថយន្តដ៏ធំបំផុតក្នុងប្រទេសកម្ពុជា គឺAEON Mall ២ ហើយនៅ៥ឆ្នាំ ទៅ១០ឆ្នាំក្រោយទៀត យើងនឹងបន្តយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ពីវិស័យសំណង់ ដែលសាងសង់ពីដែក ក្នុងប្រទេសកម្ពុជា ហើយនឹងកំណត់ទិសដៅ ក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់»។
លោកបន្ថែមថា លោកនឹងនាំមកនូវបទពិសោធន៍៦០ឆ្នាំ លើផ្នែកគ្រោងបង្គំដែក និងក្រុមការងារផ្នែកគ្រប់គ្រង ពីក្រុមហ៊ុនមេ ដើម្បីផ្ទេរចំណេះដឹងបច្ចេកទេស និងជំនាញគ្រប់គ្រង ទៅដល់ដៃគូ ក្នុងស្រុកហើយលោកជឿជាក់យ៉ាងមុតមាំថា ការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន ISI Group នឹងអាចផលិតនូវគ្រោងបង្គំដែក ប្រកបដោយគុណភាពក្នុងប្រទេសកម្ពុជា និង អាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន ៕