(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយក នៃនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា មានក្រុមហ៊ុនមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី បានចូលមកចែចូវចង់វិនិយោគ លើគម្រោងប្រេងកាតនៅក្នុងប្លុក D និង C របស់កម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សន្និបាតបូកសរុបការងារក្រសួងរ៉ែ និងថាមពល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ លោក ជៀប សួរ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនចិនមួយ បានសហការជាមួយក្រុមហ៊ុនមកពីកាណាដា ដើម្បីចរចាកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក D ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍រួចហើយ។
លោកអគ្គនាយកបានបញ្ជាក់ថា «ការចរចាកិច្ចព្រមព្រៀងប្រេងកាត នៅក្នុងប្លុក D នេះ គឺមានក្រុមហ៊ុនមកពីប្រទេសចិន គាត់មានដៃគូ មានបទពិសោធន៍ខ្ពស់ មកពីប្រទេសកាណាដា ហើយការងារនេះ ទើបតែបានគោលការណ៍ ពីប្រមុខរដ្ឋាភិបាល ក្នុងការរៀបចំក្រុមការងារអន្តរក្រសួង យើងត្រូវបន្តការងារនេះទៅមុខទៀត»។
ចំពោះអណ្តូងប្រេងកាតនៅប្លុក C វិញ លោកអគ្គនាយកបានបញ្ជាក់ថា មានក្រុមហ៊ុនមួយមកពីប្រទេសម៉ាឡេស៊ី ក៏ចង់វិនិយោគផងដែរ។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះបានឲ្យដឹងថា «ការងារនេះ ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងបានចរចាលើកិច្ចព្រមព្រៀងប្រេងកាតនេះ ជិតចប់ដែរហើយ ប៉ុន្តែដោយសារក្នុងរយៈពេលកន្លងមកនេះ ថ្លៃប្រេងកាតធ្លាក់ចុះ ហើយក្រុមហ៊ុនដែលគាត់មកចរចាជាមួយយើង គាត់មានការរវល់នៅប្រទេសម៉ាឡេស៊ី ដូច្នេះមានការផ្អាកមួយរយៈ ប៉ុន្តែតាមកិច្ចទំនាក់ទំនងគ្នា យើងនឹងបន្តកិច្ចចរចានេះនៅខែមេសា ឆ្នាំនេះបន្តទៀត ហើយការងារចរចាវាជិតចប់ដែរហើយ យើងសង្ឃឹមថានឹងចប់ឆាប់ៗនេះ»។
សូមជម្រាបជូនថា គិតតាំងពីដើមឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានបញ្ចប់កិច្ចព្រមព្រៀងប្រេងកាតចំនួន៣ផងដែរ៕