(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបន្តអះអាងជាថ្មីថា គម្រោងបូមប្រេងកាតអណ្តូងអប្សរា នៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា នឹងសម្រេចបានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៩។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រសួងបាន និងកំពុងធ្វើការយ៉ាងជិតស្និទ ជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ឲ្យបូមប្រេងនៅអណ្តូងអប្សរា ក្នុងប្លុក A ដោយក្រុមហ៊ុននេះ បានដំណើរការងារតាមជំហានៗរបស់ខ្លួន ដើម្បីឈានដល់ការបូមប្រេង បានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៩ ឬ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យដដែលរូបនេះបន្ថែមថា ស្របពេលដែលដំណក់ប្រេងកាតដំបូងរបស់កម្ពុជា នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៩នោះ រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនចិន ក៏នឹងដំណើរការជំហានដំបូងរបស់ខ្លួនផងដែរ ដែលអាចនឹងចម្រាញ់ប្រេងបាន២លានតោនក្នុងមួយឆ្នាំ ខណៈជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០២៣ សមត្ថភាពចម្រាញ់ប្រេង នឹងកើនឡើងដល់៥លានតោនក្នុងមួយឆ្នាំ។
រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជា ត្រូវបានបើការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០១៧ ដែលវិនិយោគដោយក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd របស់ចិន មានទំហំទឹកប្រាក់ជាង៦០០លានដុល្លារ។
លោក ជៀប សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្រុមការងារបច្ចេកទេស ប្រជុំជាមួយក្រុមហ៊ុនជារៀងរាល់ខែ ហើយក្រុមការងារអន្តរក្រសួង (ក្រសួងរ៉ែ និងក្រសួងសេដ្ឋកិច្ច) ប្រជុំ៦ខែម្តង ត្រួតពិនិត្យមើលកម្មវិធីការងារ របស់ក្រុមហ៊ុន KrisEnergy។ រយៈពេលប៉ុន្មានខែនេះ អត់មានសញ្ញាណាមួយបញ្ជាក់ថា ដំណើរការយឺតយ៉ាវនោះទេ ដូច្នេះក្នុងឆ្នាំ២០១៩ សង្ឃឹមថានឹងទទួលបានដំណក់ប្រេងដំបូង»។
អគ្គនាយកដដែលរូបនេះបញ្ជាក់ទៀតថា «គម្រោងប្រេងនៅក្នុងប្លុក A អណ្តូងអប្សរា នឹងផលិតប្រេងរបស់ខ្លួននៅចុងឆ្នាំ២០១៩ ហើយគម្រោងរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា នឹងដំណើរការរបស់ខ្លួននៅចុងឆ្នាំ២០១៩ផងដែរ។ ដូច្នេះគម្រោងទាំងពីរនេះវាស្របគ្នា មិនតែប៉ុណ្ណោះក្រុមហ៊ុនផលិតប្រេងកាតនៅប្លុក A បាននឹងកំពុងព្យាយាមទាក់ទងជាមួយ រោងចក្រចម្រាញ់ប្រេងកាត ដើម្បីសម្របសម្រួលធ្វើការងារជាមួយគ្នា លើការងារផលិតប្រេងផងដែរ»។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅប្លុក A ដែនសមុទ្រកម្ពុជា ដោយកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១ គឺជំហាន1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។
តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន KrisEnergy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម៩ឆ្នាំ និងអាចឲ្យមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកម្ពុជាក្លាយ ជាប្រទេសផលិតប្រេងឆៅមួយ នៅពេលអនាគត។
នៅក្នុងកិច្ចព្រៀមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងទទួលបានចំណូល យ៉ាងតិច៥០០លានដុល្លារអាមេរិក ពីអណ្តូងប្រេងកាតអប្សរា នៃប្លុក A។ ក្រៅពីប្លុក A នៅប្លុកដទៃទៀត ដូចជាប្លុក B ប្លុក C ប្លុក D ក៏សុទ្ធតែមានសក្ដានុពលក្នុងការវិនិយោគ ហើយក៏មានអ្នកវិនិយោគចាប់អារម្មណ៍ដែរ៕