(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេនោះសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ អាចនឹងត្រូវបានគេផ្លាស់ប្ដូរទីតាំងទៅកាន់កន្លែងថ្មី ដោយសារតែទីតាំងចាស់គឺជាអតីតសមាគមចិន យៀវ ផេង ដែលត្រូវបានខាងអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍កាន់កាប់ និងយកធ្វើជាទីតាំងសាលាសង្កាត់ និងប៉ុស្តិ៍តាំងពីឆ្នាំ១៩៧៩មកម្លេះ។ ពេលនេះត្រូវបានសមាគមទាមទារយកវិញ និងបានប្រគល់ទីតាំងថ្មី ដើម្បីសាងសង់សាលាសង្កាត់ និងប៉ុស្តិ៍វិញ ហើយសមាគមជួយថវិកា ក្នុងការសាងសង់នោះចំនួន៥០ភាគរយប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ តំណាងសមាគមចិន យៀវ ផេង មានលោក ជា ហ៊ុយ អគ្គនាយកក្រុមហ៊ុនម៉ូតូហុងដា, លោក តិច ស្រ៊ុន អគ្គនាយកក្រុមហ៊ុនផែស្ងួតតិច ស្រុន ដោយមានការចូលរួមពីសំណាក់អាជ្ញាធរសង្កាត់ នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងមន្ត្រីមន្ទីរសុរិយោដីរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងលើដីសមាគមនោះ ដើម្បីបញ្ជាក់ពីទំហំច្បាស់លាស់មួយ ងាយស្រួលក្នុងការដោះដូរ ជាមួយទីតាំងថ្មី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងសាលាសង្កាត់ និងប៉ុស្ដិ៍នគរបាលចាស់ នៅលើដីអតីតសមាគមចិននេះ មានទំហំប្រមាណ៨៧អារ ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកទីតាំងថ្មី អត់ទាន់ដឹងថាមានទំហំប៉ុន្មាននៅឡើយទេ គ្រាន់តែដឹងថា តូចជាងទីតាំងចាស់ហើយក៏ស្ថិតនៅក្បែរគ្នានោះដែរ។
ដោយឡែកទីតាំងចាស់អតីតគឺជាកម្មសិទ្ធិរបស់សមាគមចិន យៀវ ផេង ប៉ុន្តែត្រូវបានបោះបង់ចោលកាលពីក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ៧មករា ទីនោះដែលមានព្រះវិហារចិនស្រាប់ ត្រូវបានអាជ្ញាធរកាន់កាប់ធ្វើជាទីតាំងសាលាសង្កាត់ និងប៉ុស្ដិ៍នគរបាលរហូតមកដល់បច្ចុប្បន្ន។ ពេលនេះត្រូវបានខាងសមាគមខាងលើ ទាមទារយកវិញ ហើយក៏មានការព្រមព្រៀងគ្នា ក្រោមការដោះដូរគ្នាដូចខាងលើ ហើយខាងសមាគម បានជួយថវិកាត្រឹម៥០ភាគរយប៉ុណ្ណោះ ការសាងសង់សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលថ្មីឡើងវិញ។
លោកចៅសង្កាត់រង សង្កាត់ត្រពាំងក្រសាំង បាននិយាយថា ការដោះដូរទីតាំងសាលាសង្កាត់ និងប៉ុស្តិ៍ខាងលើពិតជាមានមែន ដោយសមាគមចិន យៀវ ផេង បានទាមទារយកទីតាំងនោះវិញ ប៉ុន្តែការការសម្រេចនានា គឺនៅលើសាលារាជធានីភ្នំពេញទាំងអស់ ចំណែកលោកក្នុងនាមអាជ្ញាធរសង្កាត់ គឺបានត្រឹមចូលរួមក្នុងការវាស់វែងប៉ុណ្ណោះ៕