(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងលើកឡើងពីការវិវត្តរីកចម្រើនរបស់កម្ពុជា ក្នុងការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រីលើគ្រប់វិស័យទាំងអស់មិនថា ក្នុងវិស័យមុខងារសាធារណៈ វិស័យនយោបាយ និងវិស័យផ្សេងទៀតឡើយ។
ការលើកកម្ពស់ និងអភិវឌ្ឍស្ត្រីនេះ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន សែនបានថ្លែងថា «បច្ចុប្បន្នស្ត្រីជាច្រើន បានទទួលឱកាសចូលរួម ក្នុងការងារស្ទើរគ្រប់វិស័យ ហើយត្រូវបានគាំទ្រ និងលើកទឹកចិត្ត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំក្នុងជីវិត»។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីការសម្រេចបានលទ្ធផលល្អប្រសើរ លើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រី តាមរយៈការបង្កើនចំនួនស្ត្រីចូលក្នុងវិស័យមួយចំនួនដូចជា៖
១៖ ក្នុងវិស័យមុខងារសាធារណៈ ចំនួនស្ត្រីបានកើនឡើងពី៣២% នៅឆ្នាំ២០០៧ ដល់៤១%នៅឆ្នាំ២០១៧ ។ លទ្ធផលនេះ ដោយការជ្រើសរើសមន្ត្រីរាជការថ្មី ដែលត្រូវជ្រើសរើសស្ត្រីចំនួនពី២០% ទៅ៥០% និងការពន្យារឤយុចូលនិវត្តន៍មន្ត្រីរាជការ ជាស្ត្រីដល់ឤយុ៦០ឆ្នាំ។ បើពិនិត្យទៅលើចំនួនស្ត្រីដែលមាន មុខតំណែង ក្នុងនោះអគ្គនាយកជាស្ត្រីមាន២៣រូប ប្រធាននាយកដ្ឋានមាន១០៨រូប និងបានតែងតាំងស្ត្រីជាអភិបាលខេត្ត១រូប ស្ត្រីជាអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង-ស្រុក ខណ្ឌជាស្ត្រី៧រូប ស្ត្រីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៥រូប ស្ត្រីជាស្មៀនឃុំ/ សង្កាត់២៣៥រូប។
២៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយមានការកើនឡើង ជាលំដាប់ក្នុងនោះសមាជិករដ្ឋសភាជាស្ត្រីនៅឆ្នាំ១៩៩៣ មាន៥.៨៣% កើនដល់២០.៣២% ឆ្នាំ២០១៣។ នៅឆ្នាំ១៩៩៣ ស្ត្រីជារដ្ឋមន្ត្រីគ្មាន រដ្ឋលេខាធិការគ្មាន អនុរដ្ឋលេខាធិការ២រូប។ បើប្រៀបធៀបនៅឆ្នាំ២០១៣ មានឧបនាយករដ្ឋមន្ត្រីជាស្ត្រី១រូប ទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីជាស្ត្រី២រូប រដ្ឋលេខាធិការ៣៨រូប និងអនុរដ្ឋលេខាធិការ៤៨រូប។ ស្ត្រីជាចៅសង្កាត់ មេឃុំ មានការកើនឡើងពី៤២រូប ក្នុងឆ្នាំ២០០២ ដល់១៣០រូប ក្នុងឆ្នាំ២០១៨។
៣៖ នៅក្នុងកងកម្លាំងប្រដាប់ឤវុធ នាយទាហាននារី ក្របខណ្ឌក្រសួងការញរជាតិ មានចំនួនសរុប៨៦រូប ក្នុងនោះថ្នាក់នាយឧត្តមសេនីយ៍១រូប ថ្នាក់ឧត្តមសេនីយ៍ឯក៧រូប ថ្នាក់ឧត្តមសេនីយ៍ទោ១៦រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី៦២រូប។
៤៖ ស្ត្រីក្នុងមុខដំណែងជា ឯកអគ្គរាជទូតបច្ចុប្បន្នមានចំនួន៦រូប និងមន្ត្រីការទូតជាស្ត្រីមានចំនួន២៤.៤៣% នៃមន្ត្រីការទូតសរុប១៧០រូប។ ទន្ទឹមនោះ ស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ ក្នុងមុខតំណែងជាចៅក្រម ព្រះរាជឤជ្ញា ក្រឡាបញ្ជី ឤជ្ញាសាលា សារការី និងមេធាវី។ ជាមួយនោះ កីឡាករជាស្ត្រីចូលរួមលេងកីឡាក៏បានកើនឡើង មិនតែបុណ្ណោះកម្ពុជា មានកីឡាការិនីបានទទួលមេដាយមាស ជូនជាតិមាតុភូមិទៀតផង។
សូមជម្រាបថា ស្រ្តីជាមន្ត្រីរាជការស៊ីវិលសរុប នៅតាមក្រសួងស្ថាប័ននានា គិតត្រឹមឆ្នាំ២០១៧ មានចំនួន ៨៦,៧៦៨នាក់ ស្មើនឹង៤១ភាគរយ នៃមន្ត្រីរាជការសរុប២១៤,០១០នាក់។ ក្នុងនោះថ្នាក់ជាតិស្រ្តីមានចំនួន ១២,៣៥១នាក់ ថ្នាក់ក្រោមជាតិ ៧៤,៤១៧នាក់៕