(ស្វាយរៀង)៖ លោក ម៉ែន វិបុល អ​ភិបាលខេត្ត​ស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គម។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត​។

អភិបាលខេត្ត បានថ្លែងទៀតថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរ ដែលថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ គ្រប់ផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រេចបាននៅក្នុងឆ្នាំ២០១៧ បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរឹតរបស់ពួកប្រឆាំង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ក៏កងកម្លាំងនគរបាលនៅតែសម្រេចបានក្នុងការធានា នូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរ។

រក្សាការពារនូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនា និងលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តស្វាយរៀង និងពិធីប្រណាំងទូក ធានាបាននូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ បានការពារពិធីបុណ្យតូចធំ គណៈប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាបណ្តាគោលដៅសំខាន់ៗនានានៅទូទាំងខេត្ត ប្រកបដោយសុវតិ្ថភាពទាំងស្រុង បានការពារសន្តិសុខសុវត្ថិភាព​។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការសហការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យថែមទៀត ជាពិសេសក្នុងព្រឹត្តិការណ៍ និងកម្មវិធីធំៗនាពេលខាងមុខ ដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីសង្ក្រាន្តស្វាយរៀង ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ត្រូវយកចិត្តទុកដាក់បង្កើននូវវិធានការបង្ការ និងការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់ខ្លាំងក្លាថែមទៀត​។

ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គម ក្ដាប់ឲ្យបាននូវស្ថិតិប្រជាពលរដ្ឋ ជាពិសេសអ្នកចំណូលស្រុក ព្រមទាំងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រឹមត្រូវតាមច្បាប់ ប្រកាន់នូវស្មារតីទទួលខុសត្រូវចំពោះភារកិច្ច និងប្រកបដោយគុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងការបម្រើប្រជាជន​។

សូមបញ្ជាក់ថា នៅពេលរសៀល លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាង​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ក្នុងកិច្ចប្រជុំនេះលោក​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង បានឧបត្ថមថវិកាដល់កិច្ចប្រជុំ​ចំនួន​១០​លានរៀល, អង្គភាពតំបន់ប្រតិបត្តិការសឹករង​២​លាន​រៀល, និងកងរាជអាវុធហត្ថខេត្ត​២​លានរៀល, ដល់មន្ត្រីនគរបាលជាស្ត្រីចំនួន​១១៩​នាក់ ម្នាក់ៗ​ទទួលបានថវិកា​៥០,០០០​រៀល​។ ដោយឡែកលោកអភិបាលខេត្ត ឧបត្ថម្ភថវិកា​១០​​លានរៀល ដល់កិច្ចប្រជុំនេះផងដែរ៕