(ព្រះវិហារ)៖ ពីតំបន់ព្រំដែននៅខេត្តព្រះវិហារ ទីដែលមានវត្តមានជាប្រចាំ ក្នុងសមរភូមិដ៏ក្តៅគគុក នាអំឡុងផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាពេលអតីតកាលនោះ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទទួលបន្ទុកជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យការពារ ក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី បានប្រកាស ទៅកាន់មេទ័ពកំពូលៗ និងខ្លាំងៗ នៅតំបន់ប្រាសាទ ព្រះវិហារ អំពីជំហរប្តូរផ្តាច់ការពារទឹកដី ហើយជាពិសេសនោះ គឺការពារប្រឆាំង និងទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមឧទ្ទាមក្បត់ជាតិទាំងឡាយ ជាពិសេសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលមានមហិច្ចតាមិនចេះរលត់ចង់ផ្តួលរលំរាជរដ្ឋាភិបាលស្រប ដឹកនាំដោយសម្តេចតេជោ សែន។
សូមជំរាបថា នាយឧត្តមសេនីយ៍ ជា តារា ដែលពូកែវោហាស័ព្ទ និងយុទ្ធសាស្រ្តកងទ័ព ហើយបានឆ្លងបទពិសោធន៍ នៃការធ្វើសង្គ្រាមរាប់សិបសមរភូមិនោះ កាលពីពេលថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសកលវទ្យាធិការ នៃសកលវិទ្យាល័យការពារជាតិ ក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រីតាមសំណើរបស់សម្តេចតជោ។
បន្ទាប់ពីទទួលបានតំណែងដ៏ខ្ពង់ខ្ពស់ នៅជួររដ្ឋាភិបាលខាងលើនេះ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅទីបញ្ជាការសមរភូមិមុខ នាយឧត្តមសេនីយ៍ ជា តារា បានអនុញ្ញាតឲ្យ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឈរជើងទិសប្រាសាទព្រះវិហារ និងអភិបាលខេត្តព្រះវិហារ បានជូនពរ និងអបអរសាទរក្នុងឱកាសនាយឧត្តមសេនីយ៍ ទទួលបានព្រះរាជក្រឹត្យប្រោស ព្រះរាជទានមុខងារ តាមសំណើសម្តេចតេជោនាយករដ្ឋមន្ត្រីជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិនៃ ក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី។
មេទ័ពកំពូលៗ និងខ្លាំងៗប្រចាំតំបន់ប្រាសាទព្រះវិហារជូនពរនិងអបអរសាទរនោះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចំរុះ, លោកឧត្តមសេនីយ៍ឯក នៃ គន្ធ នាយរងសេនាធិការចំរុះ, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ, លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពល៩១១, លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលលេខ១, លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក នាយរងសេនាធិការចម្រុះ តំណាងទីបញ្ជាការសន្តិភាពសម្តេចតេជោ៥មករា ប្រាសាទព្រះវិហារ, លោកឧត្តមសេនីយ៍ឯក ភោគ វាសនា មេបញ្ជារការរងអង្គរក្ស ប្រចាំទិស
, លោកឧត្តមសេនីយ៍ឯក ធឿន មេបញ្ជាការនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ីណាត អគ្គភស្តុភារហិរញ្ញវត្ថុប្រចាំទិស, លោកឧត្តមសេនីយ៍ទោ ឡាយ តារា មេបញ្ជាការកងកាំភ្លើងធំប្រចាំទិស, លោកឧត្តមសេនីយ៍ទោ ថន កេស្នារិទ្ធ មេបញ្ជាការកងរថក្រោះប្រចាំទិស, លោកឧត្តមសេនីយ៍ឯក ឈុំ ខេង មេបញ្ជាការកងពលលេខ៦, លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលលេខ៧, លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពល៨, លោកឧត្តមសេនីយ៍ទោ មេបញ្ជាការស្តីទីកងពលលេខ៩, លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូច ៤១, លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូច៤២, លោកឧត្តមសេនីយ៍ទោ ចាន់ សុភក្ត្រា មេបញ្ជាការសឹករងព្រះវិហារ, អភិបាលខេត្តព្រះវិហារ និងនាយទាហានប្រចាំទិសជាច្រើនរូបទៀត។
ឆ្លៀក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានថ្លែងអំណរគុណដល់មេបញ្ជាការគ្រប់កងឯភាពទាំងអស់ដែលបានរួមសហការដឹកនាំអនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំបញ្ជាប្រយុទ្ធការពារទឹកដីនៃមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់-តាក្របី ចាប់តាំងពីព្រឹត្តការណ៍ឆ្នាំ២០០៨មក ដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិនិងប្រជាជន។
នាយឧត្តមសេនីយ៍បានផ្តាំផ្ញើ និងបញ្ជាក់នូវជំហរយ៉ាងច្បាស់ៗថា «យើងជាកងទ័ពត្រូវតែការពាររាជរដ្ឋាភិបាល អនុវត្តតាមបញ្ជារបស់សម្តេចតេជោ ព្រោះសម្តេច ជាប្រមុខរាជរដ្ឋាភិបាលជាស្ថាបនិក នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ត្រូវតែប្រឆាំងដាច់ខាតចលនាឧទ្ទាមចលនាបដិវត្តន៍ពណ៍ ពិសេសចំពោះទណ្ឌិតក្បត់ជាតិ សម រង្សី និងបក្ខពួក»។
កាលពីពេលប៉ុន្មានថ្ងៃនេះ សារអំពាវនាវជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់គេចចេញពីសំណាញ់ច្បាប់យ៉ាងកំសាកញីនៅក្រៅប្រទេសឲ្យកងទ័ព និងកម្លាំងសមត្ថកិច្ចដទៃទៀត ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំឲ្យមានការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់មេទ័ព កងទ័ព ព្រមទាំងអតីតយុទ្ធជនផងដែរ។