(ព្រៃវែង)៖ លោក ជាម ប៉េអា អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកស៊ីធរ​កណ្តាល ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។


ថ្លែងនៅក្នុងពិធីនេះ លោក ជាម ប៉េអា បានធ្វើការស្វាគមន៍ និងអបអរសាទរយ៉ាងក្លៀវក្លារ ចំពោះលោកយាយ លោកអ៊ុ អ្នកមីង និងបងប្អូនទាំងអស់ដែលជាស្ត្រី ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដោយលោកថា ក្នុង​រយៈពេលជាង២០កន្លងមកនេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

សុខសន្តិភាពនេះ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនជាស្ត្រីបានរស់នៅជួបជុំគ្រួសារ ប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើនជីវភាពរស់នៅ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ហើយប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការអភិវឌ្ឍដែរ ហើយប្រធានបទ​នៃទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនអាចខ្វះបានដូចបុរសដែរ។ នេះជាការគូសបញ្ជាក់របស់លោក ជាម ប៉េអា។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការបង្កើនការចូលរួមរបស់ស្ត្រី ទាំងក្នុង​វិស័យនយោបាយ និងសង្គម។ ជាក់ស្តែង គិតមកត្រឹម ឆ្នាំ២០១៧នេះ មានស្ត្រីក្នុងមុខតំណែងចាប់ពីប្រធានការិយាល័យ រហូតដល់អភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួនប្រមាណ២០ភាគរយ ហើយនឹងបន្តកើនឡើង រហូតដល់២៥ភាគរយនៅឆ្នាំ២០២០ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ដែលជាផែនទីមគ្គុទេសក៏សម្រាប់កែទម្រង់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រក្សានូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវវិធានការណ៍មួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាពនៅក្នុងសង្គមជាតិទាំងមូល ដែលជាការគិតគូរជាសំខាន់ចំពោះស្ត្រី។

ឆ្លៀតក្នុងឱកាសនោះ លោក យឹម យូគង់ អភិបាល​ស្រុកស៊ីធរកណ្តាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី និងបងប្អូនជានារីនៅក្នុងពិធីនេះ ដោយលោកបានចាត់ទុកការរៀបចំពិធីនៅថ្ងៃនេះថា ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ព្រោះច្បាស់ណាស់ដែលថាបើគ្មានសន្តិភាពទេ ប្រជាពលរដ្ឋនៅក្នុង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល មិនអាចចូលរួមក្នុងពិធីនេះបានឡើយ។​

លោកបន្តថា កន្លងមកអាជ្ញាធរស្រុកស៊ីធរកណ្តាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រី និងកុមារ ក្នុងការទទួលបានការគាំពារ និងមានឱកាសស្មើនឹងបុរសក្នុងការប្រកបមុខរបរ និងទទួលបាន​​សេវានានាក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រី កាង ស៊ីណែត តំណាងឲ្យអ្នកចូលរួមជានារី បានឡើងថ្លែងនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណ ដល់គណអធិបតី និងអ្នកចូលរួមទាំងអស់ ដែលបានរៀបចំពិធីនេះឡើង។​

លោកស្រីបញ្ជាក់ថា នាពេលកន្លងមកស្ត្រីនៅក្នុងមូលដ្ឋានត្រូវបានលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួមទាំងក្នុងសកម្មភានយោបាយ និងសង្គម។ ជាក់ស្តែង ស្ត្រីត្រូវបានជ្រើសរើសជាតំណាងក្រុមប្រឹក្សាឃុំ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដែលតួនាទីទាំងនេះ ជាការផ្តល់ឱកាសដល់ស្ត្រី ក្នុងពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀត ហើយលទ្ធផលដែលសម្រេចបានកន្លងមក បានបង្ហាញថា ស្ត្រី​ក៏មានសមត្ថភាពដូចបុរស ក្នុងការបំពេញការងារទូទៅបានផងដែរ។

ជាចុងក្រោយ លោក ជាម ប៉េអា បាន​ផ្តាំផ្ញើដល់បងប្អូនជានារី ឲ្យចូលរួមថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានគង់វង្សដើម្បីជាស្ពាន ក្នុងការអភិវឌ្ឍបន្តទៀតដល់កូនចៅជំនាន់ក្រោយ។ ក្នុងឱកាសនោះគណអធិបតី និងអ្នកចូលរួម ក៏បានចូលរួមលេងល្បែងកម្សាន្ត និងពិសាអាហារសាមគ្គីរួមគ្នា យ៉ាងសប្បាយរីករាយផងដែរ៕