(ភ្នំពេញ)៖ នាយនគរបាលប៉ុស្តិ៍ព្រែកព្នៅ​ស្តីទី នៃអធិការដ្ឋានន​គរបាលខណ្ឌព្រែកព្នៅ ត្រូវបានជនល្មើសម្នាក់កាប់ដាច់កដៃម្ខាង ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ។ ប៉ុន្តែជនដៃដល់រូបនេះ ត្រូវបានចាប់ខ្លួនភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់អធិការខណ្ឌព្រែកព្នៅ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អំ ដាលីន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ឹម រិទ្ធី អាយុ៣៦ឆ្នាំ មុខរបរនគរបាលជាតិ(នាយប៉ុស្តិ៍ព្រែកព្នៅស្តីទី)មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនដៃដល់នេះត្រូវបានចោទប្រកាន់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាប់អវយវៈ ឬពិការភាព និងប្រឆាំងនឹងអ្នករាជការសាធារណៈ។

បើតាមរបាយការណ៍ បានបន្ថែមទៀតថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីហិង្សា ក្នុងគ្រួសារកើតឡើងត្រង់ចំណុចផ្ទះកើតហេតុខាងលើ ភ្លាមនោះជនរងគ្រោះឈ្មោះ អ៉ឹម រិទ្ធី (ត្រូវជានាយប៉ុស្តិ៍ស្តីទី) បានដឹកនាំកម្លាំងចុះដល់ត្រង់កន្លែងកើតហេតុ ពេលទៅដល់ ស្រាប់តែជនសង្ស័យ ស្ទុះយកកាំបិតផ្កាក់មកកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យដាច់កដៃខាងឆ្វេង។

ភ្លាមៗនោះប្រជាពលរដ្ឋដែលឈរមើលនៅក្បែរនោះ ក៏បាននាំគ្នាមកជួយឃាត់ជនសង្ស័យ និងបានវាយជនសង្ស័យបណ្តាលឲ្យបែកក្បាលហូរឈាម និងបានប្រគល់ឲ្យកម្លាំងល្បាតរបស់អធិការដ្ឋាន ចំណែកឯជនរងគ្រោះត្រូវ បានកម្លាំងសមត្ថកិច្ចយើង និងក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតដើម្បីព្យាបាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕