(ភ្នំពេញ)៖ ដោយមិនខ្លាចចំពោះការថ្កោលទោសនូវទង្វើក្បត់ជាតិ នៅថ្ងៃនេះ អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានចេញមុខសារភាពថា លោកពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ លោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar ប្រាកដមែន ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ហើយថែមទាំងអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយសារជនជាតិទាំងនោះ ត្រូវបានធ្វើទុក្ខបុកម្នេញរាប់ទសវត្ស។
វីដេអូអំពីកិច្ចព្រមព្រៀងនេះ ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» បានទម្លាយ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ដោយអះអាងថា ជាកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស កាលពីឆ្នាំ២០១៣។ នៅក្នុងវីដេអូចុះហត្ថលេខានោះ លោក សម រង្ស៊ី នាពេលថ្មីៗនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី ពន្យល់ប្រាប់កាសែតភ្នំប៉ុស្តិ៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ទទួលស្គាល់ជាផ្លូវការនូវសិទ្ធិស្របច្បាប់ របស់ជនជាតិភាគតិចជាច្រើនក្រុម ដែលគេហៅថា ម៉ុងតាញ៉ា ដែលរស់នៅផ្នែកឦសាននៃប្រទេស។ ជនជាតិភាគតិចទាំងនេះ ត្រូវបានធ្វើទុក្ខបុកម្នេញរយៈពេលរាប់ទស្សវត្សរ៍មកហើយ។ សិទ្ធិមនុស្សរបស់ពួកគេត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាបន្ដបន្ទាប់...»។
ក្នុងកិច្ចព្រមព្រៀងនោះ មានលើកឡើងពីពាក្យ «ជនជាតិដើមមានសិទ្ធិស្វ័យភាព»។ ប៉ុន្តែលោក សម រង្ស៊ី បកស្រាយថា «វាគ្រាន់តែជាការអនុវត្តជាក់ស្ដែង នៃវិមជ្ឈការដែលស្របទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងកាត់ដីបែបនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh Newws ឲ្យដឹងថា តាមច្បាប់ព្រហ្មទណ្ឌ ទង្វើរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បែបនេះ គឺជាទោសក្បត់ជាតិ ដែលប្រឈមនឹងជាប់គុកអស់មួយជីវិត។ លោក គឹម សន្តិភាព បញ្ជាក់ថា «សកម្មភាពនេះគឺជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត! នេះបើយោងតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!»។
ដោយឡែក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើដ៏ខ្មៅកង្វក់ក្បត់ជាតិរបស់ លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្តចំនួន៤ ទៅឲ្យវៀតណាម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញឯកសារនោះហើយ ឯកសារចុះហត្ថលេខាប្រគល់ទឹកដីខ្មែរឲ្យវៀតណាម៤ខេត្ត ដែលចេញផ្សាយម្សិលមិញ ខ្ញុំពិតជាចាប់អារម្មណ៍មិនគួរណាគាត់ (សម រង្ស៊ី) ប្រព្រឹត្តទង្វើខ្មៅកខ្វក់កាត់ទឹកដីឲ្យគេ វាជាទង្វើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា វាជាអំពើក្បត់ជាតិយ៉ាងច្បាស់ មិនអាចអត់អោនឲ្យបានទេ, វាមិនខុសពីបក្សពួកគ្នាគេដែលកំពុងនៅត្រពាំងថ្លុង សហការជាមួយបរទេសបំផ្លាញជាតិសាសន៍ ក្បត់ជាតិខ្លួនឯង ហើយសកម្មភាពដ៏ងងឹតនេះ ក្រសួងមហាផ្ទៃកំពុងពិចារណាតាមផ្លូវច្បាប់ ចាត់វិធានការលើទង្វើក្បត់ជាតិហ៊ានកាត់ទឹកដីឲ្យគេនេះ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ងាកមកចាប់អារម្មណ៍នូវទង្វើក្បត់ជាតិរបស់គេ (សម រង្ស៊ី) នេះ ដែលហ៊ានចុះហត្ថលេខា ជាមួយមេដឹកនាំក្រុមម៉ុងតាញ៉ាវៀតណាម កាត់ទឹកដីចំនួន៤ខេត្តឲ្យគ្រប់គ្រង ក្បត់ប្រជាជននិងប្រទេសខ្លួនឯង»៕