(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានជនសង្ស័យ៥នាក់រួមនឹងថ្នាំញៀនម៉ាទឹកកក៧ថង់ ទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបានឃាត់ខ្លួន នៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

នាយការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកអនុសេនីយ៍ត្រី វ៉ាង ពិសិទ្ធ បានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យជំនាញ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីបាន១លើកជាថ្មីទៀត នៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ការបង្ក្រាបនេះឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មាន ទី១៖ ឈ្មោះទុំ សំណាង ភេទប្រុស អាយុ២១ឆ្នាំ, ទី៖២ ឈ្មោះ ធឿន រ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះឡាយ ឡោត ភេទប្រុស អាយុ១៧ ឆ្នាំ ទី៤៖ ឈ្មោះ សេង សុផល ភេទប្រុស អាយុ២៨ និងទី៥៖ឈ្មោះ ខុម ឧត្ដម ភេទប្រុស អាយុ២២ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងសង្កាត់រតន: សង្កាត់អូរម៉ាល់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ត្រី វ៉ាង ពិសិទ្ធ បានបន្តថា ការងារបង្ក្រាបខាងលើនេះដែរ កម្លាំងការិយាល័យជំនាញដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ ទម្ងន់១២៩,២៨ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១ ទូរស័ព្ទដៃ៦គ្រឿង នឹងម៉ូតូ១គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ៕