(ភ្នំពេញ)៖ រថយន្ដដឹកសម្ភារសំពីងសំពោងខុសលក្ខណៈបច្ចេកទេស ដែលមិនហ៊ានធ្វើចរាចរពេលថ្ងៃ និងត្រៀមចេញធ្វើចរាចរលើដងផ្លូវសាធារណៈនៅពេលរាត្រី ចំនួន៤គ្រឿង ត្រូវបានលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ បញ្ជាឲ្យមន្ត្រីក្រោមឱវាទចាប់ឃាត់យកមកធ្វើកំណត់ហេតុ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំ និងផ្ទេរសាងអីវ៉ាន់ចេញភ្លាមៗ។
ប្រតិបត្តិការដ៏ម៉ឺងម៉ាត់ខាងលើនេះ បានធ្វើឡើងក្រោយពីទទួលបានការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមបទបញ្ជាយ៉ាងដាច់ណាត់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០យប់ថ្ងៃទី១០ ខែកុម្ភៈ តទៅ «ស្តីអំពីការទប់ស្កាត់ និងចាប់រថយន្តតទ្រុង ដឹកសំពីងសំពោងលើសទម្ងន់កំណត់ខុសលក្ខណៈបច្ចេកទេស»។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ បានបញ្ជាក់ថា ការចាប់ឃាត់ចំពោះរថយន្ដដែលចេញធ្វើចរាចរលើដងផ្លូវសាធារណៈ ចំនួន៤គ្រឿង ខាងលើនេះ បានប្រតិបត្តិការឡើងជាបន្តបន្ទាប់តាំងពីព្រឹក រហូតមកដល់ម៉ោងជាង៨យប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ ទើបឃាត់បាននៅត្រង់ចំណុចទល់មុខសណ្ឋាគារ «ម៉ីលីនៀផោន» នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីរថយន្ដទាំងនោះ បាននិងកំពុងប្រមូលផ្ដុំគ្នារៀបចំចងរឹតសម្ភារឡើងសំពីងសំពោងពេញរថយន្ដត្រៀមចេញធ្វើចរាចរនៅពេលយប់ភ្លាមៗ ឆ្ពោះទៅកាន់តាមបណ្ដាខេត្ត ដោយមិនហ៊ានធ្វើចរាចរនៅពេលថ្ងៃ ក៍ព្រោះតែដឹកសម្ភារអាចលើសទម្ងន់កំណត់ខុសលក្ខណៈបច្ចកទេស។
លោកវរសេនីយ៍ឯកអធិការខណ្ឌជ្រោយចង្វារ បានបន្តថា ក្រោយពីចាប់ឃាត់រថយន្ដ ចំនួន៤គ្រឿង ដែលដឹកសម្ភារសំពីងសំពោងអាចលើសទម្ងន់កំណត់ ខុសលក្ខណៈបច្ចេកទេសយកមកធ្វើកំណត់ហេតុ នៅអធិការដ្ឋាននគរបាលខណ្ឌ គឺដើម្បីស្រាវជ្រាវរកឯកសារពាក់ព័ន្ធ និងវាស់វែងទៅតាមជុំនាញ ក្នុងការអប់រំណែនាំឲ្យសាងសម្ភារផ្ទេរចេញភ្លាមៗ ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញបាន។ នេះបើតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕