(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យតាម ក្រសួងស្ថាប័ននានាត្រូវទម្លាក់ការងារ ជូនស្ត្រីមិនត្រូវតែងតែឲ្យមានមុខហើយ មិនប្រគល់ការងារជូននោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសដែរថា សម្តេចនឹងបង្កើនចំនួនស្ត្រីក្នុងតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការឲ្យកាន់តែច្រើននៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល។
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១០៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមក្រសួងស្ថាប័នមួយចំនួនមិនទាន់ទម្លាក់ការងារឲ្យស្ត្រីធ្វើនៅឡើយ។ សម្តេចតេជោ បានរិះគន់ចំពោះការលើកឡើងមួយចំនួនថា ស្ត្រីមិនហ៊ានសម្រេចចិត្តក្នុងការងារអ្វីមួយ ខណៈដែលពួកគេមិនព្រមប្រគល់ការងារជូន។
សម្តេចតេជោ បានចាត់ទុកការតែងតាំងស្ត្រីហើយ តែមិនប្រគល់ការងារឲ្យធ្វើគឺជារឿងមួយដ៏ឆោតល្ងង់។ «ខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនមែនគ្រាន់តែតែងតាំងឲ្យមានសម្រាប់អង្គុយនៅទីកន្លែង ប៉ុន្តែតែងតាំងឲ្យបង្គ្រប់កិច្ច តែមិនប្រគល់ការងារឲ្យធ្វើនេះគឺជារឿងឆោតល្ងង់មួយ»។
សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ស្ត្រីកំពុងដើរតួនាយ៉ាងសំខាន់នៅក្នុងអំណាចសេដ្ឋកិច្ច និងនយោបាយ ហើយក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា សម្តេចនឹងរៀបចំផ្តល់តួនាទីជូនស្ត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការឲ្យកាន់តែច្រើននៅក្នុងអាណត្តិថ្មីនេះ។
«ខ្ញុំសង្ឃឹមថា នៅក្នុងពេលខាងមុខឆ្នាំក្រោយនេះ នឹងមានការកើនឡើងនៃចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការថែមទៀត នោះជាការគិតគូររបស់ខ្ញុំ នៅក្នុងឋានៈជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា»។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យត្រៀមរៀបចំនូវអ្វីដែលសម្តេចបានគ្រោងទុកនេះ ដើម្បីជួយលើកកម្ពស់ស្ថានភាពរបស់ស្ត្រី។ សម្តេចតេជោ បានបញ្ជាក់ថា ការជួយលើកកម្ពស់សមត្ថភាពស្ត្រីប្រៀបបាននឹងការជួយឲ្យការបម្រើការងារនៅតាមក្រសួងស្ថាប័ននានា បានកាន់តែល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា ក្នុងវិស័យមុខងារសាធារណៈ ចំនួនស្ត្រីបានកើនឡើងពី៣២% នៅឆ្នាំ២០០៧ ដល់៤១%នៅឆ្នាំ២០១៧។ របាយការណ៍បង្ហាញស្រ្តីជាមន្ត្រីរាជការ ស៊ីវិលសរុប នៅតាមក្រសួងស្ថាប័ននានា គិតត្រឹមឆ្នាំ២០១៧ មានចំនួន ៨៦,៧៦៨នាក់ នៃមន្ត្រីរាជការសរុប ២១៤,០១០នាក់។ ក្នុងនោះថ្នាក់ជាតិស្រ្តីមានចំនួន ១២,៣៥១នាក់ ថ្នាក់ក្រោមជាតិ ៧៤,៤១៧នាក់៕