(កោះកុង)៖ បុរស២នាក់ បានបើកបរម៉ូតូក្នុងល្បឿនយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្ន បានទៅបុករថយន្តពីចំហៀងពេញទំហឹង (ខាងស្តាំ) បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នាវេលាម៉ោង ០៤៖៣០ទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ នៅត្រង់ចំនុចភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រង់ចំណុចរង្វង់មូល គល់ស្ពានព្រែកកោះប៉ោរ ខេត្តកោះកុង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ ស៊ឹន សម ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឯរថយន្តម៉ាក អី ស៊ុយ ស៊ុយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព២Y-០៧១៤។
សមត្ថកិច្ច បន្ដថា ចំណែកជនបង្ក អ្នកបើកបរម៉ូតូ ទី១៖ ឈ្មោះ តើត ម៉ាយី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ សញ្ជាតិខ្មែរ ស្នាក់នៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (របួសធ្ងន់) និងទី២៖ ឈ្មោះ វ៉ាង សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ (របួសធ្ងន់) ស្នាក់នៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចដដែល បានបញ្ជាក់ផងដែរថា ចំពោះអ្នករងរបួសទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែករថយន្តនឹងម៉ូតូ ត្រូវកម្លាំង សណ្តាប់ធ្នាប់ចរាចរណ៍ ក្រុងខេមរភូមិន្ទ ធ្វើកំណត់ហេតុដកហូតរក្សាទុក នៅអធិការក្រុង រង់ចាំការដំណោះស្រាយ៕