(ត្បូងឃ្មុំ)៖ សន្និបាតផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ច ឆ្នាំ២០១៨ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការណ៍សង្ខេបឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅ គណបក្សខេត្តបានបំពេញតួនាទីភារកិច្ចស្នូល អនុវត្តតាមមាគ៍ា គោលនយោបាយ សេចក្តីណែនាំ និងសេចក្តីសម្រេចនានារបស់គណបក្ស សំដៅជំរុញលើកកម្ពស់កិត្យានុភាពរបស់គណបក្ស តាមរយៈសកម្មភាពចុះពង្រឹងមូលដ្ឋាន ជួបសំណេះសំណាលជាមួយ សមាជិកបក្ស ពង្រឹងសមាជិកបក្ស ជាពិសេសចុះពង្រឹងសកម្មភាពក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ កាន់តែមានជំនឿទុកចិត្តទ្វេរឡើងពីប្រជាជន សំដៅគាំទ្រចំពោះបុព្វហេតុដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងរួមគ្នា សាមគ្គីគ្នា ធ្វើយ៉ាងណា ដើម្បីឲ្យសម្រេចលទ្ធផលជោគជ័យ លើការបោះឆ្នោត ក្នុងឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះសម្ដេច ហេង សំរិន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះលោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតទាំងមូល ដែលបានខិតខំបំពេញភារកិច្ចគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវដោយច្នៃប្រឌិតនូវរាល់ការណែនាំ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស ជំនះរាល់ការលំបាកឧបសគ្គនានាសម្រេចបាននូវលទ្ធផលធំៗជាច្រើន រួមចំណែក ដល់ការធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍន៍ លើគ្រប់វិស័យ លើកកម្ពស់ ជីវភាពរស់នៅ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត បានប្រសើរឡើងជាបន្តបន្ទាប់ ដែលស្របតាមគោលការណ៍ ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញ ជាពិសេសនោះគឺគណបក្សប្រជាជន ដើម្បីប្រជាជន សម្រាប់ប្រជាជន។
សម្តេចប្រធានកិត្តិយស បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទើបនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គណបក្សទទួលបានជោជ័យ សម្រាប់ពេលខាងមុខនេះ។ ជាមួយនឹងទិសដៅភារកិច្ច ត្រូវអនុវត្តន៍បន្តនាពេលខាងមុខនេះ គឺពិតជាមានសារសំខាន់ណាស់ នោះគឺការប្តេជ្ញាចិត្ត យុទ្ធសាស្រ្តរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាចុងក្រោយ សម្តេច ហេង សំរិន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវបំពេញភារកិច្ច ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវជោគជ័យ សម្រាប់គណបក្សនាពេលបោះឆ្នោតខាងមុខ តាមការប្តេជ្ញាជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា៕