(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែមីនានេះ បានផ្ញើសារជូនពរបងប្អូនស្ត្រីនៅទូទាំងប្រទេសទាំងអស់ ជួបប្រទះតែសេចក្តីសុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា « អបអរសាទរ! ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨។ ថ្ងៃ៨ មីនា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី១០៧ ទិវាអន្តរជាតិនារី។ ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ទុកថ្ងៃ៨ មីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរនូវការទទួលស្គាល់សិទ្ធិសេរីភាពពេញលេញរបស់ស្ត្រី។
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ឆ្នាំនេះ គឺក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
សូមជូនពរស្ត្រីទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា»៕