(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ឃើញថា ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនក្នុងអត្រាប្រមាណ ៤១ភាគរយ។ គេក៏ឃើញដែរថា ស្រ្តីមានសមត្ថភាពកាន់តែខ្លាំងមិនចាញ់បុរសនោះឡើយ សិស្សស្រីរៀនទទួលបាននិទ្ទេស A ក៏មានប្រហាក់ប្រហែលនឹងបុរសផងដែរ។ មិនតែប៉ុណ្ណោះស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងខ្លាំងសម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពល គឺជាស្រ្តី។
ការប្រារព្ធទិវាអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នៅកម្ពុជានាឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។ តាមរយៈប្រធានបទនេះ គឺបានបង្ហាញថា ស្ត្រីគឺជាកម្លាំងដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព ហើយក៏ជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិផងដែរ។
ខាងក្រោមនេះ គឺជាប្រវត្តិនាំឲ្យមានការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា៖
នៅចុងសតវត្សទី១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះចលនានារីពលករលើសកលលោកទាំងមូល។
ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡឺម៉ង់ដែលជា ប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ក្នុងពេលនោះបានលេចឡើងនូវយុវនារី ៣រូបដ៏ល្បីល្បាញគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី គ្រូបស្កាយ៉ា (ភរិយាលោកឡេនីន) បំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
ចាប់តាំងពីថ្ងៃនោះមក ថ្ងៃ ៨ មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
គឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់ និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី ១០០ ឆ្នាំមុននេះ ហើយទើបបច្ចុប្បន្ននេះ នារីក្នុងពិភពលោកមានឱកាស ទទួលបាននូវសិទ្ធិស្មើភាពក្នុងការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននូវអំពើហិង្សា និងការរើសអើងចំពោះនារីភេទដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។
ជាបន្ទាប់ ចលនានារីអន្តរជាតិ បានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាម រយៈការស្នើរឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើក ច្រើនសារ។
នៅឆ្នាំ ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិចកូ ប្រទេសម៉ិចស៊ិច ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះ។
ខែតុលា ឆ្នាំ១៩៧៥ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាសតវត្សសម្រាប់នារី។
នៅឆ្នាំ ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទស្សវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀត នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការ អនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុង ឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់ ១២ យ៉ាងរបស់នារីថែមទៀតគឺ «ភាពក្រីក្រ, ការអប់រំ, អំពើហឹង្សា, ផលវិបាកនៃជម្លោះ, អាវុធ, នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច, តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត, យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី, សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ, បរិស្ថាន និងបញ្ហាកុមារី។
ទាំងនេះគឺជាយុទ្ធសាស្ត្រ និងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធី តាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្ដល់នូវសិទ្ធិស្មើភាពឱ្យបានគ្រប់គ្រាន់ និងតម្លៃជាមនុស្ស ពោលគឺពុំមានទាមទារអ្វីឱ្យលើសពីនេះឡើយ។
បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី ៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាអន្តរជាតិ ៨ មិនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិ មនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង នារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក ៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរស និងស្ដ្រី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់ រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួល សិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្ត្រីភេទ៕