(ពោធិ៍សាត់)៖ លោកឧត្តមសេនីយទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិ ដែលទើបនឹងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ត្រូវមានជំហរឹងម៉ាំ ស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ហើយប្រឆាំងជាដាច់ខាតចំពោះការប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាល ពីសំណាក់ជនអគតិមួយចំនួនតូច។
លោកស្នងការនគរបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨២៥ ប្រចាំទិសថ្មដា ចំនួន៨៨រូប ដោយបានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីស្នងការរង លោកមេបញ្ជាការសឹករងស្រុក អធិការស្រុក អាជ្ញាធរឃុំ និងក្រុមការងារទំនាក់ទំនងព្រំដែនជាច្រើនរូបផ្សេងទៀត។
លោកវរសេនិយ៍ឯក ប្រាក់ ណារិន នាយការិយាល័យបុគ្គលិកបានឲ្យដឹងថា មន្រ្តីដែលត្រូវបំពាក់ឋានន្តរស័ក្តិនាពេលនេះ មានចំនួន៨៨រូប ថ្នាក់អនុសេនីយ៍ឯក៤២រូប អនុសេនីយ៍ទោ២២រូប អនុសេនីយ៍ត្រី១១រូប ព្រឹន្ទបាលឯក៧រូប ព្រិន្ទបាលទោ៦រូប
មានមតិសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី មានប្រសាសន៍ថា មន្រ្តីនគរបាលដែលត្រូវបំពាក់ឋានន្តរសក្តិ និងតែងតាំងមុខតំណែងនាពេលនេះ គឺជាការគិតគូរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលខេត្ត លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្រ្តីនគរបាលនៃវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ ដែលត្រូវបានបំពាក់ឋានន្តរសក្តិនិងតែងតាំងមុខតំណែង។ លោកស្នងការនគរបាលខេត្ត បានបន្តថា ការបំពាក់ឋានន្តរស័ក្តិ និងផ្តល់មុខតំណែង គឺជាការយកចិត្តទុកដាក់ ដល់កងកម្លាំងយើង ដែលបានខិតខំបំពេញភារកិច្ច ការងារ និងលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរភាពទឹកដី និងអាយុជីវិត ប្រជាពលរដ្ឋកន្លងមក។ ទន្ទឹមនេះមន្រ្តីនគរបាលត្រូវយកតួនាទីមុខតំណែង និងឋានន្តរសក្តិ ដែលទើបនឹងបំពាក់ទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅមូលដ្ឋាន ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងរក្សាការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី បាននាំយកអំណោយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមានមី១០កេសធំ ត្រីខ១០កេខធម ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកបរិសុទ្ធ និងប្រេង១ពាន់លីត្រ ជូនដល់អង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ផងដែរ។
បន្ទាប់មកប្រតិភូ ក៏បានអញ្ជើញទៅពិនិត្យមើលព្រំដែនកម្ពុជា-ថៃ ច្រកផ្លូវលេខ៥៦ រវាងខេត្តពោធិ៍សាត់ ជាមួយខេត្តត្រាត ដែលរាជរដ្ឋាភិបាលទាំងសង្ខាង កំពុងរៀបចំបើកច្រកអន្តរជាតិ នៅពេលខាងមុខ៕