(សៀមរាប)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បន្ទាប់ពីគណនីមួយបានបង្ហោះរូបភាពប្រាសាទអង្គរវត្ត ដោយមានជាប់សំណង់ចម្លែកមួយខ្ពស់ជិតស្មើកំពូលប្រាសាទអង្គរវត្ត។ មហាជនដែលមិនបានដឹងរឿងនាំគ្នារិះគន់យ៉ាងចាស់ដៃថា អាជ្ញាធរបណ្ដែតបណ្ដោយឲ្យសង់សំណង់អនាធិបតេយ្យ ប៉ះពាល់ដល់អច្ឆរិយវត្ថុរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ការចែកចាយដំណឹងគ្មានមូលដ្ឋានច្បាស់លាស់ រហូតធ្វើឲ្យមានការយល់ច្រឡំបែបនេះ ត្រូវបានអាជ្ញាធរជាតិអប្សរាប្រតិកម្មយ៉ាងចាស់ដៃ រួមជាមួយការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយជូនមហាជនឲ្យបានជ្រាបច្បាស់ កុំបំបាត់អស់មន្ទិលសង្ស័យ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នេះថា រូបភាពដែលបានចែកចាយនៅលើបណ្ដាញ Facebook នោះ មិនមែនជាសំណង់ឯកជនខុសច្បាប់អ្វីទេ ពោលវាជាសំណុំរន្ទានៃការដ្ឋានជួសជុលប្រាសាទអង្គរ នៅផ្នែកខាងជើងប៉ែកខាងលិច។ ជាលក្ខណៈបច្ចេកទេសនៃការជួសជុល ក៏ដូចជាការប្រើប្រាស់សម្ភារៈ គឺត្រូវការនាំឡើងទៅលើចំកន្លែងជួសជុល ទើបត្រូវរៀបរន្ទាខ្ពស់ប្រក់ដំបូល ព្រោះមិនអាចឲ្យត្រូវប្រក់ទឹកភ្លៀវកុំទទឹកនៅក្នុងការដ្ឋាននេះ រាល់ការងារទាំងអស់ នៅពេលជួសជុលរួចហើយ គឺនឹងត្រូវដកចេញទៅវិញ។
លោក ឡុង កុសល បានបន្តថា ចំពោះបញ្ហាសំណងអានាធិបតេយ្យនេះ កុំថាឡើយនៅជាប់ប្រាង្គប្រាសាទយ៉ាងដូច្នេះ សូម្បីសំណង់លំនៅដ្ឋានដែលនៅឆ្ងាយពីប្រាង្គប្រាសាទឲ្យតែនៅក្នុងតំបន់អង្គរ ក៏មិនចេះតែអនុញ្ញាតឲ្យសាងសង់នោះទេ ហើយក៏ត្រូវបានរុះរេីជាបន្តបន្ទាប់ផងដែរចំពោះសំណង់ទាំងនោះ ពោលអ្វីដែលជាកេរមរតករបស់បុព្វបុរស ត្រូវបានអភិរក្ស និងជួសជុលប៉ុណ្ណឹង មិនសាងសង់សំណង់បន្ថែមផ្ដេសផ្ដាសនោះទេ។
លោកអ្នកនាំពាក្យបានបញ្ជាក់ថា រាល់ប្រតិបត្តិការការងាររបស់អាជ្ញាធរជាតិអប្សរា គឺសុទ្ធតែស្របតាមលក្ខន្តិកៈរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកទាំងអស់។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសំណូមពរដល់អ្នកផ្សព្វផ្សាយព័ត៌មាននោះ កុំឲ្យបន្តចេះតែផ្សព្វផ្សាយព័ត៌មានដែលគ្មានអំណះអំណាងច្បាស់លាស់ត្រឹមត្រូវយ៉ាងនេះ ព្រោះនេះមិនមែនជាការចូលរួមព្រួយបារម្ភឡើយ តែវាជាការបំពុលសង្គម បំភ្លៃដាក់មហាជនទៅវិញទេ ក៏រឹតតែមាកងាយដល់អាជ្ញាធរមានសមត្ថកិច្ច ដែលមានតួនាទីអភិរក្សាថែរក្សាការពារសម្បត្តិបេតិកភណ្ឌ
អ្នកនាំពាក្យ ឡុង កុសល ក៏បានបន្ថែមថា អាជ្ញាធរជាតិអប្សរា រីករាយជានិច្ចក្នុងការស្រាយបំភ្លឺរាល់មន្ទិលសង្ស័យនានា ដែលពាក់ព័ន្ធនឹងតំបន់អង្គរ នៃខេត្តសៀមរាប ដើម្បីធ្វើឲ្យវិស័យព័ត៌មាន ក៏ដូចជាការបកស្រាយបន្តប្រាប់មហាជន ប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់ កុំឲ្យកើតឡើងជាថ្មីដូចព័ត៌មានអកុសលនេះ៕